DeepSeek ត្រៀមអង្រួនពិភព AI ម្ដងទៀត! តម្លៃខ្លួនអាចហក់ឡើងដល់ ៥០ ប៊ីលានដុល្លារ ក្នុងការកៀរគរទុនលើកដំបូង
07-05-2026 09:02
(បរទេស)៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា AI របស់ចិន DeepSeek អាចនឹងត្រូវបានគេវាយតម្លៃថា មានតម្លៃរហូតដល់ ៥០ ពាន់លានដុល្លារ នៅក្នុងយុទ្ធនាការកៀរគរទុនលើកដំបូងរបស់ខ្លួន ខណៈដែលក្រុមហ៊ុនផលិតម៉ូដែលភាសាខ្នាតធំ (LLM) មួយនេះ កំពុងព្យាយាមផ្លាស់ប្តូរយុទ្ធសាស្ត្រដែលធ្លាប់តែបដិសេធមិនទទួលទុនពីខាងក្រៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មូលនិធិបញ្ញាសិប្បនិម្មិតជាតិរបស់ចិន ដែលមានទំហំទឹកប្រាក់ ៦០ពាន់លានយន់ (ប្រហែល ៨.៨ ពាន់លានដុល្លារ) កំពុងស្ថិតក្នុងកិច្ចពិភាក្សាដើម្បីក្លាយជាអ្នកវិនិយោគឈានមុខគេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនយក្ស Tencent Holdings ក៏កំពុងចរចាដើម្បីចូលរួមវិនិយោគផងដែរ។ ក្រុមហ៊ុនអាចនឹងកៀរគរប្រាក់បានពី ៣ ទៅ ៤ ពាន់លានដុល្លារ ដើម្បីយកទៅពង្រឹងសមត្ថភាពកុំព្យូទ័រ (Computing power) និងបង្កើនអត្ថប្រយោជន៍សម្រាប់បុគ្គលិក។
ស្ថាបនិកក្រុមហ៊ុន លោក Liang Wenfeng កន្លងមកតែងតែដំណើរការ DeepSeek ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនពីក្រុមហ៊ុន hedge fund (High-Flyer) ប៉ុន្តែពេលនេះលោកបានចូលរួមដោយផ្ទាល់ក្នុងកិច្ចពិភាក្សាកៀរគរទុននេះ។ បច្ចុប្បន្ន ឧស្សាហកម្ម AI កំពុងងាកចេញពី Chatbot ធម្មតា ទៅរក «Agents» (ភ្នាក់ងារឆ្លាតវៃ) ដែលអាចបំពេញការងារស្មុគស្មាញដោយមិនសូវមានការជួយពីមនុស្ស ប៉ុន្តែវាត្រូវការកម្លាំងម៉ាស៊ីនខ្លាំងជាងមុន។ កាលពីខែមុន DeepSeek បានបញ្ចេញម៉ូដែលជំនាន់ក្រោយឈ្មោះ V4 ដែលពួកគេអះអាងថាជាបច្ចេកវិទ្យាឈានមុខគេ ប៉ុន្តែការវាយតម្លៃពីភាគីទីបីបង្ហាញថា វានៅមានកម្រិតទាបជាងម៉ូដែលល្អបំផុតរបស់សហរដ្ឋអាមេរិក និងគូប្រជែងចិនមួយចំនួនទៀត។ ការបញ្ចេញ V4 នេះ មិនបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារភាគហ៊ុនសកល ដូចកាលពីជំនាន់ V3 និង R1 នោះទេ។
គួរជម្រាបថា បន្ទាប់ពីទទួលបានភាពល្បីល្បាញទូទាំងពិភពលោកតាមរយៈម៉ូដែលដែលមានតម្លៃថោក និងប្រសិទ្ធភាពខ្ពស់ DeepSeek កំពុងឈានចូលដំណាក់កាលថ្មីក្នុងការស្វែងរកទុនមហាសាល ដើម្បីប្រកួតប្រជែងក្នុងសមរភូមិ AI ដែលកាន់តែស៊ីសាច់ហុតឈាម៕












