Apple ត្រៀមផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS 27 ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសម៉ូដែល AI តាមតម្រូវការ
07-05-2026 09:51
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរាយការណ៍ថា នឹងដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រថ្មីមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 27 ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone មានសេរីភាពពេញលេញក្នុងការជ្រើសរើសម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុនផ្សេងៗ ដើម្បីមកដំណើរការមុខងារនៅលើឧបករណ៍របស់ខ្លួន។
យោងតាមរបាយការណ៍ចុងក្រោយពីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា នៅក្នុងកំណែអាប់ដេត iOS 27 ដែលគ្រោងនឹងចេញផ្សាយនៅចុងឆ្នាំនេះ Apple នឹងណែនាំមុខងារថ្មីមួយដែលមានឈ្មោះថា «Extensions»។ មុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់សមត្ថភាពរបស់ម៉ូដែលភាសាខ្នាតធំ (LLM) ពីភាគីទីបី ទៅក្នុងប្រព័ន្ធស្នូលរបស់ Apple Intelligence ដូចជា Siri, ឧបករណ៍ជំនួយការសរសេរ (Writing Tools) និងកម្មវិធីរចនារូបភាព (Image Playground) ជាដើម។
ប្រភពដដែលបានបញ្ជាក់ថា Apple កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងម៉ូដែល AI ពីក្រុមហ៊ុនធំៗដូចជា Google និង Anthropic ខណៈដែល ChatGPT របស់ OpenAI ដែលមានវត្តមានស្រាប់ ក៏នឹងបន្តស្ថិតក្នុងជម្រើសសម្រាប់អ្នកប្រើប្រាស់ផងដែរ។ មិនត្រឹមតែលើ iPhone ប៉ុណ្ណោះទេ ភាពបត់បែននៃបច្ចេកវិទ្យា AI នេះ ក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅលើ iPadOS 27 និង macOS 27 ដូចគ្នា។
ស្របពេលដែល Apple កំពុងរុញច្រានបច្ចេកវិទ្យា AI ក្រុមហ៊ុនក៏កំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរថ្នាក់ដឹកនាំផងដែរ ពោលគឺអន្តរកាលនៃថ្នាក់ដឹកនាំ និងយុទ្ធសាស្ត្រអនាគត ។ លោក John Ternus ដែលត្រូវបានគេរំពឹងថានឹងឡើងមកបន្តតំណែងពីលោក Tim Cook នឹងក្លាយជាអ្នកដឹកនាំដ៏សំខាន់ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ AI របស់ក្រុមហ៊ុន។ ទោះបីជាមានការរិះគន់ថា Apple ហាក់មានសន្ទុះយឺតជាងគូប្រជែងក្នុងវិស័យ AI ក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្ររបស់ Apple ហាក់បង្ហាញពីភាពខុសប្លែក។ ក្រុមហ៊ុនមិនផ្តោតលើការចំណាយទុនមហាសាលដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ផ្ទាល់ខ្លួនទាំងស្រុងនោះទេ ប៉ុន្តែផ្ទុយទៅវិញ Apple ជ្រើសរើសយកការកែច្នៃឧបករណ៍ (Hardware) ដ៏មានឥទ្ធិពលរបស់ខ្លួន ឱ្យទៅជាមជ្ឈមណ្ឌលដែលផ្តល់បទពិសោធន៍ AI ដ៏សម្បូរបែប និងមានភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់។
គួរជម្រាបថា តាមរយៈការផ្លាស់ប្តូរក្នុង iOS 27 នេះ Apple កំពុងបង្ហាញឱ្យឃើញថា អនាគតនៃស្មាតហ្វូន មិនមែនស្ថិតនៅលើម៉ូដែល AI តែមួយនោះទេ ប៉ុន្តែគឺស្ថិតនៅលើ «ជម្រើស» និង «សេរីភាព» របស់អ្នកប្រើប្រាស់ក្នុងការកំណត់បទពិសោធន៍ឌីជីថលដោយខ្លួនឯង៕









