Pique ត្រូវដកបញ្ឈរជើង ៦ប្រកួត និងបម្រាមទាក់ទងនឹងបាល់ទាត់ ២ខែ ក្រោយមានជម្លោះជាមួយអាជ្ញាកណ្តាល
07-05-2026 10:22
(បរទេស)៖ អតីតខ្សែការពារឆ្នើមនៃក្លិប FC Barcelona គឺ Gerard Pique ត្រូវបានដកបញ្ឈរជើងចំនួន ៦ប្រកួត និងហាមឃាត់មិនឱ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់រយៈពេល ២ខែ ដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ បន្ទាប់ពីផ្ទុះជម្លោះជាមួយអាជ្ញាកណ្តាលរួចមក។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា Pique វ័យ ៣៩ឆ្នាំដែលបានចូលនិវត្តន៍ពី កីឡាករអាជីពក្នុងឆ្នាំ២០២២ នោះ បច្ចុប្បន្ននេះគឺជាសហម្ចាស់ក្លិប FC Andorra លេងក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ដោយបានប៉ះពារពាក្យសំដីគ្នាជាមួយអាជ្ញាកណ្តាលកាលពីអំឡុងក្រុមរបស់លោកបានចាញ់ ១-០ ក្រោមថ្វីជើងរបស់ Albacete នាសប្តាហ៍មុន។
អាជ្ញាកណ្តាល Alonso de Ena Wolf បានដកស្រង់សំដីរបស់ Pique ក្រោយចប់ការប្រកួត ដោយគាត់បានប្រាប់លោកថា «សូចចាកចេញពីទីលានដោយសុវត្ថិភាព គ្មាននរណាវាយលោកទេ លើកលែងតែនៅប្រទេសផ្សេង ប៉ុន្តែទីនេះគឺ Andorra ជាប្រទេសស៊ីវីល័យ»។
ដោយផ្អែកលើគណៈកម្មាធិការវិន័យរបស់សហព័ន្ធបានឱ្យដឹងផងថា ការដកបញ្ឈរជើង Pique រយៈពេល ២ខែនេះ គឺដោយសារម៉ាក់ងាយអាជ្ញាកណ្តាលជាសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកីឡាបាល់ទាត់ ដោយមានកត់ត្រាទុកក្នុងរបាយការណ៍អាជ្ញាកណ្តាល។
លើសពីនេះទៀត ការពិន័យ ៦ប្រកួតដាច់ដោយឡែកផ្សេងទៀតនោះ គឺមានជាប់ពាក់ព័ន្ធទៅនឹងហិង្សាលើលោកអាជ្ញាកណ្តាល រួមទាំងប្រធានក្លិបលោក Ferran Vilaseca ក៏ត្រូវរងពិន័យ ៤ខែ និងសមាជិកក្លិប Andorra ផ្សេងៗថែមទៀត ដ្បិតបច្ចុប្បន្នពួកគេកំពុងឈរនៅលេខ១០ ក្នុងតារាងពិន្ទុ។
Pique ត្រូវបានគេចាត់ទុកថា ជាខ្សែការពារលេចធ្លោ ១រូបដែលបានឈ្នះជើងឯកលីគ La Liga ៩សម័យ និងពាន UEFA Champions League ៣លើកជាមួយ Barcelona និងពាន World Cup រួមទាំង European Championship ជាមួយអេស្ប៉ាញនាឆ្នាំ២០១០ និងឆ្នាំ២០១២ ទៀតផង៕



