តើការសាកភ្លើងឡាន EV ពេញ ១០០% រាល់ថ្ងៃ ល្អឬប៉ះពាល់ដល់អាគុយ? នេះជាអ្វីដែលម្ចាស់រថយន្តអគ្គិសនីគ្រប់រូបត្រូវដឹង!
07-05-2026 10:43
(ភ្នំពេញ)៖ សម្រាប់ម្ចាស់រថយន្តអគ្គិសនី (EV) ដែលកំពុងមានចម្ងល់ថា តើការសាកថាមពលរហូតដល់ ១០០% ជារៀងរាល់ថ្ងៃ ជាជម្រើសដ៏ល្អ ឬក៏អាចប៉ះពាល់ដល់អាយុកាលអាគុយ? ថ្ងៃនេះ Fresh News សូមលើកយកនូវព័ត៌មានបច្ចេកទេស និងការណែនាំសំខាន់ៗ ដើម្បីជាចំណេះដឹងដល់បងប្អូនម្ចាស់រថយន្តជំនាន់ថ្មីទាំងអស់។
តាមការណែនាំពីអ្នកជំនាញ និងស្តង់ដារបច្ចេកទេសរថយន្តអគ្គិសនី ការសាកថ្មឱ្យពេញ ១០០% ជាប្រចាំ មិនត្រូវបានណែនាំឱ្យធ្វើឡើងជារៀងរាល់ថ្ងៃនោះទេ ដោយសារមូលហេតុសំខាន់ៗដូចខាងក្រោម៖
១. មូលហេតុដែលមិនគួរភាគសាកដល់ ១០០% រាល់ថ្ងៃ
អាគុយរថយន្ត EV ភាគច្រើន ជាប្រភេទ NMC ដែលមានប្រតិកម្មគីមីមិនសូវសមស្របនឹង «សម្ពាធ» ខ្ពស់។ នៅពេលសាកដល់ ១០០% រាល់ថ្ងៃ វានឹងបង្កើតឱ្យមានស្ថានភាព High Voltage Stress ឬសម្ពាធតឹងតែងក្នុងកោសិកាអាគុយ ដែលធ្វើឱ្យអាគុយឆាប់ចុះខ្សោយគុណភាពជាងធម្មតា។ ដូចគ្នានេះដែរ ការទុកឱ្យឡានអស់ភ្លើងរហូតដល់ ០% ក៏ជារឿងដែលគួរជៀសវាងផងដែរ។
២. ជាច្បាប់នឹងការកំណត់តាមស្តង់ដាររួម៖ «២០% ទៅ ៨០%» ដើម្បីរក្សាអាយុកាលអាគុយឱ្យបានយូរអង្វែង អ្នកជំនាញតែងណែនាំឱ្យរក្សាកម្រិតថាមពលនៅក្នុង «តំបន់សុវត្ថិភាព» គឺចន្លោះពី ២០% ទៅ ៨០%។ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងក្រុង ឬទៅបំពេញការងារ ការសាកត្រឹម ៨០% គឺមានកម្រិតគ្រប់គ្រាន់ និងជួយឱ្យអាគុយមានសុខភាពល្អបំផុត។
៣. តើពេលណាដែលគួរចាក់ឱ្យពេញ ១០០%? ការសាកដល់ ១០០% មិនមែនជារឿងហាមដាច់ខាតនោះទេ ប៉ុន្តែវាគួរធ្វើឡើងក្នុងករណីចាំបាច់ដូចជា៖
ការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីធានាបាននូវចម្ងាយបើកបរ (Range) ជាអតិបរមា។ ជាមួយគ្នានោះចំពោះរថយន្តដែលប្រើអាគុយប្រភេទ LFP (Lithium Iron Phosphate) ក្រុមហ៊ុនផលិតតែងណែនាំឱ្យសាកពេញ ១០០% យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដើម្បីធ្វើការកំណត់តុល្យភាព Calibrate ក្នុងការគ្រប់គ្រងថាមពលអាគុយ ហើយជាការចាំបាច់ (ម្ចាស់រថយន្តគួរពិនិត្យមើលសៀវភៅណែនាំបច្ចេកទេសរថយន្តជាមុន)។
៤. តិចនិកសម្រាប់ម្ចាស់រថយន្ត EV ជំនាន់ថ្មី ដើម្បីភាពងាយស្រួល បងប្អូនម្ចាស់រថយន្តអាចអនុវត្តតាមវិធីសាស្ត្រងាយៗដូចជា៖
កំណត់កម្រិតសាក (Charge Limit) តាមរយៈអេក្រង់ក្នុងឡាន ឬកម្មវិធីទូរស័ព្ទ (App) ដោយកំណត់ឱ្យឈប់សាកត្រឹម ៨០% ឬ ៩០% ដោយស្វ័យប្រវត្តិ។
កុំសាកភ្លាមៗក្រោយធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើអាគុយនៅមានកម្ដៅខ្លាំង គួរទុកឱ្យរថយន្តសម្រាកប្រហែល ១៥ ទៅ ៣០នាទី ចាំចាប់ផ្តើមដោតសាកថាមពលបន្ថែម។
៥. ហេតុអ្វីបានជាថ្ម LFP ត្រូវធ្វើ Calibration ញឹកញាប់ជាងគេ? ពីព្រោះរថយន្តដែលប្រើប្រាស់ថ្មប្រភេទ LFP មានលក្ខណៈពិសេសមួយគឺ «Flat Discharge Curve» មានន័យថា តង់ស្យុងរបស់វាថេរខ្លាំង មិនថាថ្មនៅសល់ ៩០% ឬ ៣០% ទេ គឺវាមើលទៅដូចតែគ្នា ដូច្នេះបើមិនសាកឱ្យពេញ ១០០% ដើម្បីឱ្យកុំព្យូទ័រស្គាល់ចំណុចកំពូលទេ នោះនឹងពិបាកក្នុងការទាយថាថ្មនៅសល់ពិតប្រាកដប៉ុន្មានភាគរយណាស់។
សរុបមក ការយល់ដឹងពីបច្ចេកទេសសាកថ្មឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យការបើកបរមានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកា តាមរយៈការរក្សាអាយុកាលអាគុយរថយន្តឱ្យបានយូរអង្វែងផងដែរ៕





