ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ មានកំណើនគួរឲ្យភ្ញាក់ផ្អើល ខណៈអត្ដពលិកខ្មែរចុះឈ្មោះរត់ ៤២គីឡូម៉ែត្រ កាន់តែច្រើន
07-05-2026 12:59
(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ កំពុងទាក់ទាញការចូលរួមគួរឲ្យភ្ញាក់ផ្អើល ពិសេសកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួមរត់ចម្ងាយ ៤២គីឡូម៉ែត្រ ក៏មានកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែឧសភានេះ លោកបានបញ្ជាក់ថា ម៉ារ៉ាតុងចក្រភពអង្គរ ដែលជាព្រឹត្តិការណ៍ម៉ារ៉ាតុង ឬរត់ចម្ងាយ ៤២.១៩៥គីឡូម៉ែត្រតែមួយគត់នៅកម្ពុជា នឹងប្រារព្ធរៀបចំខួបលើកទី១១ របស់ខ្លួន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ខណៈគិតត្រឹមពេលនេះមានអត្តពលិកជាតិ-អន្ដរជាតិជិត ៥ពាន់នាក់មកពី ៤៨ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។
តួលេខនេះមានការកើនឡើងខ្ពស់ បើធៀបកាលពីឆ្នាំមុនដែលមានអ្នកចូលរួមត្រឹមជាង ៤ពាន់នាក់ ហើយលោកសង្ឃឹមថា នៅថ្ងៃប្រកួតជាក់ស្ដែង នឹងមានការចូលរួមលើសពី ៥ពាន់ ទៅ ៦ពាន់នាក់ ដោយសាររយៈពេលនៃការចុះឈ្មោះនៅយូរ ហើយក៏រំពឹងថា រយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នឹងអាចកើនអ្នកចូលរួមខ្ទង់ម៉ឺននាក់ផងដែរ។
ទន្ទឹមជាមួយសន្ទុះនៃការចូលរួមនេះ សម្រាប់វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ក៏ទាក់ទាញអ្នកចុះឈ្មោះរត់ច្រើនដែរ ក្នុងនោះមានអត្តពលិកខ្មែរប្រមាណ ៤០០នាក់ ក្នុងចំណោមជិត ១ពាន់នាក់ ដែលបានចុះឈ្មោះរត់វិញ្ញាសាឆ្ងាយជាងគេនេះ។ នេះគឺជាសញ្ញាណវិជ្ជមាន បង្ហាញឲ្យឃើញពីសុខភាពល្អរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចូលរួមលេងកីឡា ពិសេសភាពអំណត់ ជាមួយការរត់ចម្ងាយឆ្ងាយនេះតែម្ដង។
លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងកម្ពុជាបានឲ្យដឹងថា ផ្អែកលើតួលេខនៃការចុះឈ្មោះបច្ចុប្បន្ន គឺមានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩។ តាមរយៈនេះគណៈកម្មការរៀបចំ បានត្រៀមខ្លួនរួចរាល់ ក្នុងការតម្រាយផ្លូវសន្ដិសុខសណ្ដាប់ធ្នាប់ និងក្រុមគ្រូពេទ្យជាដើម ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអ្នករត់ទាំងអស់។ បន្ថែមលើនេះលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងជាតិ និងអន្ដរជាតិ រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំផងដែរ។
គួរដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ អំឡុងខែសីហារៀងរាល់ឆ្នាំ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរក្នុងរដូវភ្លៀង ឬរដូវបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបផង។ មួយវិញទៀត ក៏ជាវេទិការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងអង្គការផ្សេងៗទៀត។
សម្រាប់វិញ្ញាសារត់មានចំនួន៤ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ លោក សែម ផល្លា បន្តថា នេះជាព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យ ដែលអ្នកចូលរួមអាចរត់កាត់ប្រាសាទដ៏ស្រស់ស្អាតយ៉ាងច្រើន នៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកលើទឹកដីកម្ពុជានេះ៕












