ព្រះខ័នរាជ ប៉ះបឹងកេតល្ងាចនេះ មុនចេញទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន ACGL នៅកូវ៉ែត
07-05-2026 15:07
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមបឹងកេត ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៣១ នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនធ្វើដំណើរទៅប្រទេសកូវ៉ែត ត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 ជាមួយក្រុមម្ចាស់ផ្ទះ Al Kuwait នាសប្ដាហ៍ក្រោយ។
ជំនួបរវាងក្រុមទាំងពីរ ដើមឡើយត្រូវជួបគ្នានៅថ្ងៃទី១០ ខែឧសភាចុងសប្ដាហនេះ តែដើម្បីសម្រួលដល់ក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ACGL ក្រៅដី ភាគីពាក់ព័ន្ធ ពិសេសក្រុមបឹងកេតផ្ទាល់ បានសម្រេចលើកមកប្រកួតនៅថ្ងៃទី០៧ ខែឧសភានេះវិញ ដើម្បីទុកពេលឲ្យក្រុមតំណាងកម្ពុជានេះ មានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមប្រកួតទល់ក្រុមខ្លាំង Al Kuwait នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
ជុំវិញការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត នាល្ងាចនេះ គឺជាជំនួបលើកទី៤ ក្នុងលីគរដូវកាលនេះ ដែលក្រុមទាំងពីរជួបគ្នា ក្រោយជួបគ្នា ៣លើកកន្លងមក បញ្ចប់ដោយលទ្ធផលឈ្នះចាញ់ម្ដងម្នាក់ និងស្មើគ្នាម្ដង។ យ៉ាងណាបច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគផ្លូវការហើយ ក្រោយរកបានពិន្ទុដាច់ឆ្ងាយពីគូប្រជែង លើកលែងតែបឹងកេត ដែលកំពុងត្រូវការជ័យជម្នះ ដើម្បីមានឱកាសប្រជែងចំណាត់ថ្នាក់លេខ២ ជាមួយភ្នំពេញក្រោន និងអង្គរថាយហ្គឺរ។
បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៤ មាន ៤៧ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ តាមពីក្រោយភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ដែលឈរលេខ២ និងលេខ៣ មាន ៥០ពិន្ទុស្មើគ្នា និងសល់ ២ប្រកួតក្នុងដៃដូចគ្នា។ ដូច្នេះដើម្បីប្រជែងចំណាត់ថ្នាក់លេខ២ បេក្ខភាពទាំង ៣ក្រុម ត្រូវការជ័យជម្នះរៀងៗខ្លួន ពិសេសបឹងកេតដែលត្រូវការឈ្នះដាច់ខាត ដើម្បីក្ដោបឱកាសមាស ដ្បិតជើងឯករងនៃលីគកំពូលកម្ពុជាឆ្នាំនេះ នឹងមានឱកាសលេងជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី នាឆ្នាំ២០២៦/២៧។
សូមបញ្ជាក់ថា ក្រោយប្រកួតជាមួយបឹងកេតរាត្រីនេះ ព្រះខ័នរាជស្វាយរៀងនឹងចេញដំណើរទៅប្រទេសកូវ៉ែតតែម្ដង ដើម្បីត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League (ACGL) 2025/26 ជាមួយក្រុម Al Kuwait SC នៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International នាវេលាម៉ោង ៧ និង ១៥នាទីយប់ (ម៉ោងនៅកូវ៉ែត) ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕







