សាកលវិទ្យាល័យ ទួនហ្វា រៀបចំកម្មវិធីតម្រង់ទិស ជួយសិស្សជ្រើសរើសជំនាញ ឲ្យត្រឹមត្រូវសម្រាប់អនាគត
07-05-2026 21:55
(ភ្នំពេញ)៖ នៅក្នុងដំណាក់កាលសំខាន់ នៃការត្រៀមបន្តការសិក្សាថ្នាក់ឧត្តមសិក្សា សិស្សជាច្រើនកំពុងជួបបញ្ហាស្ទាក់ស្ទើរ និងមិនប្រាកដចិត្តថា តើគួរជ្រើសរើសជំនាញអ្វី ដែលសមស្របទៅនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងគោលដៅអាជីពរបស់ខ្លួន ។ ដើម្បីជួយសិស្សានុសិស្ស ឱ្យមានទិសដៅច្បាស់លាស់ ក្នុងការសម្រេចចិត្ត សាកលវិទ្យាល័យ ទួនហ្វា បានរៀបចំ “កម្មវិធីតម្រង់ទិសអំពីការជ្រើស រើសជំនាញ និងការសិក្សានៅសាកលវិទ្យាល័យ” នៅតាមវិទ្យាល័យជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
ថ្មីៗនេះ កម្មវិធីតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ និងបានបន្តធ្វើនៅវិទ្យាល័យ បាក់ទូក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងច្រើនពីសិស្សានុសិស្ស។ សម្រាប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល ទួនហ្វា នឹងរៀបចំកម្មវិធីនេះ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ និងបន្តជាច្រើនវិទ្យាល័យទៀតក្នុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
កម្មវិធីនេះមានគោលបំណង សំខាន់ក្នុងការផ្តល់ព័ត៌មាន និងការយល់ដឹងដល់សិស្សអំពីជីវិតសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាជួយឱ្យសិស្សស្វែង យល់ពីសមត្ថភាព ចំណាប់អារម្មណ៍ និងគោលដៅអាជីពរបស់ខ្លួន ដើម្បីអាចជ្រើសរើសជំនាញបានត្រឹមត្រូវ និងសមស្របបំផុត។ លើសពីនេះ សាកលវិទ្យាល័យ ក៏បានណែនាំអំពីជំនាញសិក្សាផ្សេងៗ ឱកាសការងារនាពេលអនាគត ព័ត៌មានអាហារូបករណ៍ កម្មវិធីសិក្សា និងលក្ខខណ្ឌចូលរៀនផងដែរ ។
ក្រៅពីការចែករំលែកចំណេះដឹង និង បទពិសោធពីតំណាង សាកលវិទ្យាល័យ កម្មវិធីនេះក៏បានលើកទឹកចិត្ត សិស្សឱ្យមានការត្រៀមខ្លួន សម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា និងការអភិវឌ្ឍអនាគតអាជីព របស់ខ្លួនប្រកបដោយទំនុកចិត្ត។
អ្នកចូលរួមក្នុងកម្មវិធី ទទួលបាន អត្ថប្រយោជន៍ជាច្រើន រួមមាន ការណែនាំអំពីការសិក្សានៅសាកលវិទ្យាល័យ ទួនហ្វា គន្លឹះសំខាន់ៗក្នុងការជ្រើសរើស ជំនាញឱ្យសមស្រប និងព័ត៌មានអាហារូបករណ៍ជាច្រើន។ ជាពិសេស កម្មវិធីក៏មានល្បែងកម្សាន្តសប្បាយៗ និងរង្វាន់ជាច្រើនសម្រាប់សិស្សដែលបានចូលរួមផងដែរ។
សាកលវិទ្យាល័យ ទួនហ្វា បានអំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ ហើយអញ្ជើញមកចូលរួម ជាមួយមិត្តភក្តិឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធថ្មីៗ និងត្រៀមខ្លួនសម្រាប់អនាគតការសិក្សា និងអាជីពប្រកបដោយភាពជោគជ័យ ៕
ទស្សនាវិដេអូ៖ https://www.facebook.com/share/v/18YVUquvMM/



