ព្រះខ័នរាជស្វាយរៀង ទទួលបានការលើកទឹកចិត្តដ៏កក់ក្ដៅ មុនចេញទៅប្រកួតផ្ដាច់ព្រ័ត្រ AFC Challenge League នៅកូវ៉ែត
08-05-2026 09:04
(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានធ្វើដំណើរទៅរដ្ឋកូវ៉ែត កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ដើម្បីចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦ ទល់ក្រុមម្ចាស់ផ្ទះ Al Kuwait SC នារាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
ដោយមិនគិតពីការនឿយហត់ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា ជាមួយក្រុមបឹងកេតកាលពីល្ងាចថ្ងៃទី០៧ ខែឧសភាភ្លាម ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរពីពហុកីឡដ្ឋានជាតិមរតកតេជោ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោភ្លាម ដើម្បីបន្ដដំណើរទៅរដ្ឋធានីកូវ៉ែត ជាមួយបេសកកម្មដ៏សំខាន់ខាងលើ។
ទន្ទឹមជាមួយការលះបង់ និងការខំប្រឹងរបស់ក្រុមតំណាងកម្ពុជា ដែលត្រូវធ្វើដំណើរកាត់ស្បៃរាត្រីនេះ ក្រុមការងារគ្រូ និងកីឡាករទាំងអស់ នៃក្លិបព្រះខ័នរាជស្វាយរៀង បានទទួលការជូនដំណើរ និងលើកទឹកចិត្តយ៉ាងច្រើនកុះករ ប្រកបដោយភាពកក់ក្ដៅបំផុត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ មុនហោះចាកចេញពីមាតុភូមិផងដែរ។
គួរដឹងថា ប្រសិនគ្មានការប្រែប្រួលនោះទេ ក្រោយធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ ៦ពាន់គីឡូម៉ែត្រ ក្រុមជើងឯកលីគកំពូលកម្ពុជានេះ នឹងធ្វើដំណើរដល់រដ្ឋកូវ៉ែត នៅព្រឹកថ្ងៃសុក្រនេះ មុនជួបក្រុមម្ចាស់ផ្ទះ Al Kuwait SC នាវេលាម៉ោង ៧ និង ១៥នាទីយប់ (ម៉ោងនៅកូវ៉ែត) ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅប្រកួតពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International។ នេះជាលើកទី២ ហើយ ដែលព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនេះ បន្ទាប់រដូវកាលមុន ទទួលបានត្រឹមជើងឯករង៕









