នៅតែខ្លាំង! អង់គ្លេស មានដល់ទៅ ៣ក្លិបតែម្តង ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបទាំង ៣កម្រិតរដូវកាលនេះ

08-05-2026 09:57

(បរទេស)៖ ប្រទេសអង់គ្លេស ដែលមានលីគ Premier League ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន មានដល់ទៅ ៣ក្លិបតែម្តង បានឡើងទៅវគ្គប្រជែងយកពានអឺរ៉ុបទាំង ៣កម្រិតនៃរដូវកាល ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កាំភ្លើងធំ Arsenal ដែលកំពុងឈរទីកំពូលតារាង Premier League នាំមុខក្រុមលេខ២ Manchester City ដាច់ ៥ពិន្ទុផងនោះ ត្រូវប្រជែងជើងឯក UEFA Champions League ទល់នឹងម្ចាស់ការពារតំណែងជើងឯក PSG នាចុងខែឧសភានេះ ក្នុងនាមជាក្រុមលេងមិនចាញ់ឡើយ តាំងពីក្នុងវគ្គ League Phase មក។

ចំណែកឯ Aston Villa ដែលកំពុងដឹកនាំដោយគ្រូបង្វឹក Unai Emery ដែលជាបុរសជោគជ័យក្នុងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ក៏បានឡើងវគ្គផ្តាច់ព្រ័ត្រនារដូវកាលនេះដែរ ក្រោយពេលទម្លាក់ក្រុមរបស់អង់គ្លេសដូចគ្នា Nottingham Forest ពីក្នុងវគ្គ ៤ក្រុមយប់មិញ។ ពួកគេត្រូវប្រជែងជើងឯក UEL ទល់នឹង Freiburg ដ្បិតក្រុមអាល្លឺម៉ង់មួយនេះបានទម្លាក់ SC Braga របស់ព័រទុយហ្គាល់ ៤-៣ ក្នុងលទ្ធផលទាំង ២ជើង។

ដូចគ្នានោះដែរ ក្រុមឥន្រ្ទី Crystal Palace ជាក្រុមទី៣ របស់អង់គ្លេស និងមកពីលីគ Premier League ផងនោះដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានកម្រិតទី៣ អឺរ៉ុប UEFA Europa Conference League 2025-26 ដែលត្រូវតតាំងនឹង Rayo Vallecano របស់អេស្ប៉ាញ។

មុនឆ្លងចូលវគ្គផ្តាច់ប្រជែងជើងឯកនេះដែរ អតីតម្ចាស់ជើងឯកពាន FA Cup រដូវកាលមុន Crystal បានទម្លាក់ Shakhtar Donetsk របស់អ៊ុយក្រែន ៥-២ ដោយលទ្ធផលទាំង ២ជើង គ្រាដែលគូប្រជែងបានយកឈ្នះ Strasbourg របស់បារាំង ២-០ ទាំង ២ជើង។

គួរបញ្ជាក់ផងថា វគ្គផ្តាច់ព្រ័ត្ររវាង Aston Villa និង Freiburg នឹងធ្វើឡើងនាថ្ងៃទី២១ ខែឧសភា មុនពេលជំនួបរវាង Crystal Palace ទល់នឹង Rayo Vallecano ធ្វើឡើងនាថ្ងៃទី២៨ ក្នុងខែនេះដូចគ្នា មុនពេល ២ថ្ងៃជំនួបផ្តាច់ព្រ័ត្ររវាង Arsenal និង PSG ធ្វើឡើងនៅប្រទេសហុងគ្រី៕