កម្មវិធីសិក្សា Canvas ត្រូវ Hacker លួចចូលទម្លាយទិន្នន័យសាលាជាង ៩,០០០ កន្លែងជុំវិញពិភពលោក

08-05-2026 10:39

(បរទេស)៖ កម្មវិធីគ្រប់គ្រងការសិក្សាលំដាប់ពិភពលោក Canvas ដែលសាលារៀន និងសាកលវិទ្យាល័យធំៗប្រើប្រាស់សម្រាប់ដាក់ពិន្ទុ និងចែកចាយមេរៀន ត្រូវបានក្រុម Hacker ឈ្មោះ ShinyHunters វាយប្រហារ និងលួចចូលប្រព័ន្ធ។ ករណីនេះបានបង្កឱ្យសិស្សនិស្សិតរាប់ពាន់នាក់មិនអាចចូលរៀនបាន ហើយអ្វីដែលរឹតតែព្រួយបារម្ភនោះ គឺការគំរាមកំហែងទម្លាយទិន្នន័យផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមហ៊ុន Instructure ដែលជាម្ចាស់កម្មវិធី Canvas បានសម្រេចបិទប្រព័ន្ធជាបណ្តោះអាសន្នក្រោមរូបភាព «របៀបថែទាំ» ដើម្បីស៊ើបអង្កេត។ ក្រុមហ៊ុនបានចេញមុខបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងរំពឹងថានឹងដំណើរការវិញក្នុងពេលឆាប់ៗនេះ ហើយនឹងផ្ដល់ព័ត៌មានថ្មីៗភ្លាមៗតាមដែលអាចធ្វើទៅបាន»។ ទោះជាមានការអះអាងបែបនេះក្តី ក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់ច្បាស់ពីកម្រិតនៃការខូចខាត ឬចំនួនទិន្នន័យដែលបែកធ្លាយពិតប្រាកដនៅឡើយទេ។

អ្វីដែលធ្វើឱ្យសាលាល្បីៗដូចជា Harvard និង Duke កាន់តែព្រួយបារម្ភនោះ គឺក្រុម Hacker បានដាក់ឱសានវាទឱ្យគ្រឹះស្ថានដែលរងគ្រោះប្រញាប់ចូលខ្លួនមកដោះស្រាយ។ យោងតាមសារព័ត៌មាន The Daily Pennsylvanian ក្រុម ShinyHunters បានផ្ញើសារព្រមានថា៖ «សាកលវិទ្យាល័យណាដែលមិនចង់ឱ្យទិន្នន័យរបស់ខ្លួនត្រូវបានបែកធ្លាយ គួរតែទាក់ទងទៅក្រុមរបស់ពួកគេមុនថ្ងៃទី១២ ខែឧសភា»។ គួររំលឹកផងដែរថា ក្រុម Hacker មួយនេះ ក៏ធ្លាប់មានប្រវត្តិលួចទិន្នន័យរាប់លានច្បាប់ពីក្រុមហ៊ុនហ្គេមខ្នាតយក្ស Rockstar Games (អ្នកផលិតហ្គេម GTA) ផងដែរ៕