ជ័យលាភីឆ្នើមជើងឯកជាតិ «JCI» របស់និស្សិតមកពី «CamEd Business School»

08-05-2026 10:54

(ភ្នំពេញ)៖ ថ្មីៗនេះ និស្សិតពី CamEd Business School ចំនួនប្រមាណ ៩ នាក់ បានចូលរួមការប្រកួតក្នុងកម្មវិធី Junior Chamber International Cambodia (JCI) លើវិញ្ញាសារ «ការបង្ហាញសមត្ថភាពឆ្នើមជាជើងឯកជាតិ» ដែលផ្តោតលើការនិយាយជាសាធារណៈ និងការជជែកពិភាក្សា។

ក្នុងចំណោមនិស្សិតទាំង ៩ រូបនេះ មាននិស្សិត ១ រូប ទទួលបានជ័យលាភីលើវិញ្ញាសារការនិយាយជាសាធារណៈ និងនិស្សិត ២ រូបផ្សេងទៀត ទទួលបានជ័យលាភីលើវិញ្ញាសារជជែកពិភាក្សា។

ជ័យលាភីទាំងនេះ នឹងតំណាងឱ្យប្រទេសកម្ពុជា ចូលរួមការប្រកួត JCI ASPAC នៅប្រទេសជប៉ុន ក្នុងខែមិថុនាខាងមុខនេះ ដែលមានការចូលរួមពីនិស្សិតឆ្នើមមកពីបណ្ដាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

បន្ថែមពីនេះទៅទៀត កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ អតីតនិស្សិតនៃ CamEd Business School មួយរូប ដែលទទួលបានជ័យលាភីជាតិរយៈពេល ២ ឆ្នាំជាប់គ្នា ក្នុងការប្រកួតនិយាយជាសាធារណៈ នៅឆ្នាំ២០២៥ និង ២០២៦ បានបង្ហាញចំណាប់អារម្មណ៍ថា «តម្លៃពិតប្រាកដនៃការប្រកួតទាំងនេះ ស្ថិតនៅលើការអភិវឌ្ឍខ្លួនឯង ដោយចាប់ផ្តើមពីការពង្រឹងជំនាញទំនាក់ទំនង ការគិតវិភាគ រួមទាំងជំនាញវិជ្ជាជីវៈផ្សេងៗទៀត។ ខ្ញុំជឿជាក់ថា ជ័យជំនះពិតប្រាកដ មិនមែនស្ថិតនៅលើពានរង្វាន់តែប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការលូតលាស់ និងបទពិសោធន៍ ដែលទទួលបានក្នុងដំណើរនៃការប្រកួត»

កញ្ញាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ CamEd Business School ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងឧបត្ថម្ភជាបន្តបន្ទាប់ ដែលបានរួមចំណែកជំរុញឱ្យរូបនាង អាចចូលរួមប្រកួតលើឆាកអន្តរជាតិបាន។

CamEd Business School ពិតជាមានមោទកភាពចំពោះភាពជោគជ័យមួយនេះ ហើយជឿជាក់យ៉ាងមុតមាំថា និស្សិតនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃពីកម្មវិធីនេះ ដើម្បីយកមកអភិវឌ្ឍខ្លួនបន្ថែម ពីលើការសិក្សាក្នុងថ្នាក់។

CamEd Business School សូមជូនពរឲ្យនិស្សិតទទួលបានភាពជោគជ័យក្នុងការប្រកួតវគ្គបន្ទាប់ នៅខែមិថុនាខាងមុខ ដើម្បីនាំមកនូវមោទកភាពជូនសាលា និងប្រទេសកម្ពុជា៕