ក្រុមហ៊ុន «វឌ្ឍនៈ» សម្ពោធជាផ្លូវការផលិតផលថ្មី «Vattanac All Free» ជាស្រាបៀរគ្មានជាតិអាល់កុល ផលិតក្នុងស្រុកដំបូងគេបង្អស់
08-05-2026 10:58
(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពនាំមកនូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្មីសន្លាងមួយទៀត ក្នុងឧស្សាហកម្មផលិតស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មី Vattanac All Free ដែលជាស្រាបៀរគ្មានជាតិអាល់កុល ផលិតក្នុងស្រុកដំបូងគេបង្អស់។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់ នៅប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចផលិតស្រាបៀរ គ្មានជាតិអាល់កុលបានប្រកបដោយស្តង់ដារនិងគុណភាពខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ បានបំបែកកំណត់ត្រាថ្មីនៃនវានុវត្តន៍ និងឧត្តមភាពក្នុងការផលិតស្រាបៀរ ជាមួយនឹងការលើកកម្ពស់ការពិសារដោយការទទួលខុសត្រូវ។
ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ ដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តឈានមុខគេក្នុងការផលិតស្រាបៀរ ដែលមានគុណភាពខ្ពស់ និងបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរ ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជនសម័យថ្មី។ ស្រាបៀរ Vattanac All Free នឹងផ្តល់នូវបទពិសោធន៍ស្រាបៀរគ្មានជាតិអាល់កុលដ៏ពិសេសមួយ ដែលកាន់តែផ្ដល់ភាពស្រស់ស្រាយ និងភាពបត់បែនច្រើន សម្រាប់អ្នកដែលផ្តោតលើការទទួលខុសត្រូវ តុល្យភាពនៃជីវិត និងការរស់នៅប្រចាំថ្ងៃ។
Vattanac All Free ជាជម្រើសថ្មីដែលស័ក្ដិសមបំផុត សម្រាប់គ្រប់កម្មវិធីនិងការជួបជុំ រាប់ទាំងកិច្ចប្រជុំពិភាក្សាអាជីវកម្ម ការជួបជុំបន្ទាប់ពីការហាត់ប្រាណ និងពិធីជប់លៀងតូចធំគ្រប់ប្រភេទ។ Vattanac All Free ថ្វីត្បិតគ្មានជាតិអាល់កុល ប៉ុន្តែនៅតែផ្តល់រសជាតិដ៏ឈ្ងុយពីស្រូវសាលីសុទ្ធ ជាមួយនឹងបទពិសោធន៍នៃភាពរីករាយឥតដែនកំណត់ ហើយអាចឱ្យអ្នកពិសារនៅតែអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល មិនថានៅពេលធ្វើការ ពេលកម្សាន្ត ឬពេលបើកបរនោះទេ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថា នវានុវត្តន៍ត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ។ ដូចនេះ ក្រុមហ៊ុនពិតជាមានមោទនភាពដោយបាននាំមកនូវ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុល ដែលអាចបំពេញតាមស្តង់ដារខ្ពស់បំផុត នៃឧត្តមភាពក្នុងការផលិតផង និងអាចលើកកម្ពស់ការទទួលទានដោយទទួលខុសត្រូវផង។ តាមរយៈ Vattanac All Free យើងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលផលិតស្រាបៀរគ្មានជាតិអាល់កុលនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះសុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គម ក៏ដូចជាដើម្បីឆ្លើយតបនឹងគោលការណ៍ «កុំពិសារគ្រឿងស្រវឹង ពេលបើកបរ» Vattanac All Free គឺជាដំណោះស្រាយ និងជម្រើសដ៏សមស្របបំផុត ដែលគួរជាទីទុកចិត្ត និងអាចផ្តល់ភាពរីករាយបានយ៉ាងពេញលេញ សម្រាប់អ្នកប្រើប្រាស់។
ដោយបានចាក់ឫសយ៉ាងមាំប្រកបដោយក្តីមោទនៈ ជាមួយនឹងការដឹកនាំតាមស្តង់ដារអន្តរជាតិ ក្រុមហ៊ុន វឌ្ឍនៈ បន្តដើរតួនាទីនាំមុខជាមួយនឹងគោលការណ៍ច្បាស់លាស់ នវានុវត្តន៍ និងសុចរិតភាព ក្នុងការផ្តល់ជូននូវផលិតផល សម្រាប់ទាំងជម្រើសបុគ្គល និងជម្រើសរួមរបស់សង្គម។
វឌ្ឍនៈ គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ របស់កូនខ្មែរ ដោយមានមោទនភាពក្នុងការបង្កើតផលិតផលស្តង់ដារពិភពលោក ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ប្រណិតភាព និងមោទនភាព។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តបង្កើតកំណត់ត្រាស្តង់ដារថ្មីៗនៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ចាប់តាំងពីចូលក្នុងទីផ្សារ ក្រុមហ៊ុន វឌ្ឍនៈ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ដោយឈ្នះមេដាយមាស និងពានរង្វាន់សរុបចំនួន ៨៥ ត្រឹមក្នុងរយៈពេលបួនឆ្នាំប៉ុណ្ណោះ។ ការទទួលស្គាល់ទាំងនេះ ត្រូវបានផ្តល់ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection និង World Beer Awards ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការផលិតដោយប្រកាន់ខ្ជាប់នូវគុណភាព រសជាតិ និងស្តង់ដារអន្តរជាតិ។
ទន្ទឹមនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រតិបត្តិការដោយអនុលោមតាមវិញ្ញាបនបត្រ ដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ISO 9001, ISO 22000 និង FSSC 22000 ដែលធានាបាននូវស្តង់ដារខ្ពស់បំផុត ផ្នែកការគ្រប់គ្រងគុណភាព សុវត្ថិភាពចំណីអាហារ និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់ផ្នែក នៃប្រតិបត្តិការរបស់ក្រុមហ៊ុន៕






