ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ទូរគមនាគមន៍កម្ពុជា ចុះ MOU ស្តីពី ការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី  សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា (E-payment for Cambodian Telecom Service Fees)

08-05-2026 11:08

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ «ធនាគារ អេស៊ីលីដា» ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅរសៀលថ្ងៃថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អតិថិជន និងសាធារណជន ក្នុងការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា និងទូទាត់សេវាផ្សេងៗទៀតតាមតម្រូវការ តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) អេស៊ីលីដាអ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ(X-Pay, Deeplink, KHQR) ទូទាត់វិក្កយបត្រតាមប្រព័ន្ធ MPGS (International Payment Gateway) ទូទាត់តាម WeChat Pay ទូទាត់វិក្កយបត្រតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យ ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និង លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ទូរគមនាគមន៍កម្ពុជា និងធនាគារ អេស៊ីលីដា។

តាមរយៈអនុស្សរណៈខាងលើនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាធនាគារពាណិជ្ជ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនឹងជួយកាត់បន្ថយការចំណាយពេលវេលា ផ្តល់នូវសុវត្ថិភាពខ្ពស់ និងមានតម្លាភាព។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,១៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,០២ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៧លាននាក់៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក នេត ពិសិដ្ឋ
មុខងារៈ នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ [email protected]
គេហទំព័រៈ www.acledabank.com.kh