តិចនិកមាស! វិធីថែទាំរថយន្តអគ្គិសនី (EV) ឱ្យនៅថ្មីជានិច្ច អាចលក់វិញបានតម្លៃខ្ពស់ក្នុងទីផ្សារ

08-05-2026 11:12

(ភ្នំពេញ)៖ ជាកង្វល់ចាំបាច់ «រថយន្តអគ្គិសនី (EV) ពិបាកលក់ចេញវិញ» នឹងមិនមែនជាបញ្ហាទៀតនោះទេ ប្រសិនបើម្ចាស់រថយន្តចេះតិចនិកក្នុងការថែទាំឱ្យបានត្រឹមត្រូវ ពិសេសគឺការថែរក្សាសុខភាពអាគុយ (Battery Health) ឱ្យនៅល្អ។ សម្រាប់រថយន្តដែលនាំចូលដោយក្រុមហ៊ុនផ្លូវការ និងមានប្រវត្តិថែទាំច្បាស់លាស់ តែងតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សាររថយន្ត។

ដើម្បីធានាថារថយន្តរបស់លោកអ្នកនៅតែរក្សាតម្លៃបានល្អនៅពេលលក់ចេញ ខាងក្រោមនេះជាការចែករំលែកនូវតិចនិកខ្លះៗចំនួន ៥ ចំណុច៖

១. ការថែទាំអាគុយឡានឱ្យបានល្អ ច្បាប់ ២០-៨០: សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្យាយាមរក្សាកម្រិតភ្លើងចន្លោះពី ២០% ទៅ ៨០%។ ជៀសវាងការទុកឱ្យអាគុយអស់ដល់ ០% ឬសាកពេញ ១០០% រាល់ថ្ងៃ (លុះត្រាតែក្រុមហ៊ុនណែនាំ ដូចជាប្រភេទអាគុយ LFP)។ ជាមួយគ្នានេះកម្រិតកម្ដៅ ត្រូវជៀសវាងការចតឡានចោលក្នុងស្ថានភាពក្តៅខ្លាំងជាប្រចាំព្រោះកម្ដៅថ្ងៃខ្លាំង គឺជាសត្រូវធំបំផុតរបស់អាគុយរថយន្ត។

២. កុំមើលរំលងការអាប់ដេត Software ព្រោះឡាន EV ដូចជាស្មាតហ្វូនមួយដែរ គឺត្រូវប្រាកដថាបងប្អូនតែងតែ Update Software តាមការណែនាំរបស់ក្រុមហ៊ុន។ នេះជួយឱ្យប្រព័ន្ធគ្រប់គ្រងថាមពល ដំណើរការបានល្អបំផុត។
៣. រក្សាភាពថ្មីនៃផ្ទៃខាងក្នុង និងខាងក្រៅ ខាងក្នុងឡាន ដោយប្រើស្រោមពូក និងកម្រាលជើងដើម្បីការពារមិនឱ្យសឹក ជៀសវាងការជក់បារីក្នុងឡាន។
ក្រៅឡាន: លាងឡាន និងបាញ់ថ្នាំការពារថ្នាំឡានឱ្យបានទៀងទាត់ ដើម្បីកុំឱ្យស្រអាប់ ឬច្រេះ។

៤. ថែទាំគ្រឿងយន្ត (ទោះបីជាវាមិនសូវមានក៏ដោយ) ខណៈកង់ឡានជាចំណចុសំខាន់មួយផ្នែក គឺតម្រូវតែត្រួតពិនិត្យសម្ពាធខ្យល់កង់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យការបើកបរសឹកកង់ខ្លាំង។
ហើយប្រព័ន្ធត្រជាក់ ត្រូវតែពិនិត្យកម្រិតទឹកត្រជាក់ (Coolant) ឱ្យបានទៀងទាត់ ព្រោះវាសំខាន់សម្រាប់បញ្ចុះកម្ដៅអាគុយ និងម៉ូទ័រ។

៥. រក្សាទុកប្រវត្តិថែទាំឱ្យបានពេញលេញ គឺជាចំណុចសំខាន់បំផុតនៅពេលលក់ចេញ ត្រូវរក្សាទុកវិក្កយបត្រ និងសៀវភៅថែទាំពីក្រុមហ៊ុនឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញថាបងប្អូនជាម្ចាស់ដែលស្រឡាញ់ និងថែទាំឡានពិតប្រាកដ។
ដូច្នះហើយការថែទាំឡាន EV មិនមែនជារឿងពិបាកទេ ហើយក៏មិនអស់លុយច្រើនដូចឡានសាំងដែរ គ្រាន់តែម្ចាស់ឡានត្រូវអនុវត្តតាមតិចនិកសំខាន់ៗខាងលើនេះ នោះឡានរបស់បងប្អូននឹងនៅថ្មី ជិះបានយូរឆ្នាំ និងមានតម្លៃថេខ្ពស់នៅពេលលក់ចេញ។

ជារួមមក ការថែទាំរថយន្ត EV មិនមែនជារឿងស្មុគស្មាញ និងចំណាយច្រើនដូចរថយន្តសាំងនោះទេ ការអនុវត្តតាមតិចនិកខាងលើ មិនត្រឹមតែជួយឱ្យរថយន្តប្រើប្រាស់បានយូរឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវតម្លៃអាចក្នុងកម្រិតខ្ពស់ នៅពេលលោកអ្នកចង់ផ្លាស់ប្តូរស៊េរីថ្មីនាពេលអនាគត តែអ្នកប្រើប្រាស់ក៏អាចមានជម្រើសទៅតាមតម្រូវការផ្ទាល់ផងដែរ៕