លោក ត្រាំ ថ្លែងថា នឹងមិនចំណាយលុយ ដើម្បីទស្សនាក្រុមអាមេរិក ប៉ះប៉ារ៉ាហ្គាយ បើកឆាក WC26 ថ្ងៃទី១២-មិថុនា

08-05-2026 16:05

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា រូបលោក «នឹងមិនចំណាយលុយផងទេ» នៅពេលសួរអំពីសំបុត្រអាចមានតម្លៃប្រហែល ១,០០០ដុល្លារ ដើម្បីទស្សនាក្រុមម្ចាស់ផ្ទះមួយនេះ ប្រកួតបើកឆាក World Cup 2026 ទល់នឹងប៉ារ៉ាហ្គាយ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខាងលើ នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា នៅពេលសហរដ្ឋអាមេរិក ដែលជាសហម្ចាស់ផ្ទះកម្មវិធីធំនេះជាមួយកាណាដា និងមិចស៊ិក ត្រូវលេងបើកឆាករបស់ពួកគេទល់នឹងប៉ារ៉ាហ្គាយស្ថិតក្នុងទីក្រុង Los Angeles នាថ្ងៃទី១២ ខែមិថុនា។

លោកត្រាំ បានថ្លែងប្រាប់សារព័ត៌មាន The New York Post ថា «ខ្ញុំមិនដឹងពីតម្លៃនោះទេ» នៅពេលអ្នកគាំទ្រអាមេរិក ត្រូវចំណាយលុយដល់ទៅ ១,០០០ដុល្លារ ដើម្បីមើលអាមេរិកលេងបើកឆាកពូល D។

លោកបានបញ្ជាក់ថា «ខ្ញុំក៏មិនប្រាកដនៅទីនោះដែរ ហើយក៏នឹងមិនចំណាយ ដើម្បីទស្សនាជាកិត្តិយសជាមួយអ្នកគាំទ្រដែរ។ ប្រសិនបើអ្នកគាំទ្រដែលស្រឡាញ់ និងចូលចិត្តត្រាំ មកពីតំបន់ Queens និង Brooklyn មិនបានទៅទស្សនាទេ ខ្ញុំក៏មិនខកចិត្តឡើយ ក៏ប៉ុន្តែតើអ្នកដឹងទេ ក្នុងពេលជាមួយគ្នានោះដែរ វាជាជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយ»

លោកត្រាំ បានបន្តថា «ខ្ញុំចង់ឱ្យអ្នកបោះឆ្នោតឱ្យខ្ញុំ អាចទៅទស្សនាបានគ្រប់ៗគ្នា ទៅតាមលទ្ធភាពរបស់ពួកគេ»

កន្លងមក សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានរងនូវការរិះគន់យ៉ាងដំណំ ចំពោះតម្លៃសំបុត្រ World Cup 2026 ថ្លៃខ្លាំង និងជាពិសេសមានគម្លាតដាច់គ្នាច្រើនផងដែរ ទៅតាមប្រភេទក្រុមប្រជាប្រិយ បើទោះបីជាប្រកួតសន្សំពិន្ទុតាមពូលក៏ដោយ៕