Apple និង Meta ព្រមានថា ច្បាប់ថ្មីរបស់កាណាដា អាចបង្ខំឱ្យពួកគេកែប្រែប្រព័ន្ធសុវត្ថិភាព (Encryption) ឱ្យចុះខ្សោយ

08-05-2026 16:30

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Meta បានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការចំពោះសេចក្តីព្រាងច្បាប់ C-22 របស់រដ្ឋាភិបាលកាណាដា ដែលតម្រូវឱ្យក្រុមហ៊ុនទាំងនេះផ្ដល់សិទ្ធិដល់អាជ្ញាធរក្នុងការចូលពិនិត្យទិន្នន័យប្រើប្រាស់។ ខណៈដែលរដ្ឋាភិបាលកាណាដាអះអាងថា ច្បាប់នេះធ្វើឡើងដើម្បីពង្រឹងសន្តិសុខជាតិ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយល់ឃើញថា វាគឺជាការបង្ខំឱ្យពួកគេបំផ្លាញប្រព័ន្ធសុវត្ថិភាពទិន្នន័យ (Encryption) ដែលខ្លួនបានបង្កើតឡើងដើម្បីការពារអតិថិជន។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងច្បាស់ៗក្នុងសេចក្តីថ្លែងការណ៍ថា៖ «ច្បាប់នេះអាចអនុញ្ញាតឱ្យរដ្ឋាភិបាលកាណាដា បង្ខំក្រុមហ៊ុននានាឱ្យបំបែកប្រព័ន្ធសុវត្ថិភាព ដោយការដាក់បញ្ចូល "ច្រកទ្វារក្រោយ" (Backdoors) ទៅក្នុងផលិតផលរបស់ពួកគេ ដែលជាអ្វីដែល Apple នឹងមិនធ្វើជាដាច់ខាត»។ ការដាក់បញ្ចូលច្រកទ្វារក្រោយនេះ មានន័យថាជាការបង្កើតចន្លោះប្រហោងដែលធ្វើឱ្យទិន្នន័យរបស់អ្នកប្រើប្រាស់ លែងមានសុវត្ថិភាពចំពោះមុខក្រុម Hacker ឬការលួចមើលពីខាងក្រៅទៀតហើយ។

ចំណែកខាងក្រុមហ៊ុន Meta ក៏បានសម្ដែងការព្រួយបារម្ភស្រដៀងគ្នាដែរថា ច្បាប់នេះមានអំណាចទូលំទូលាយពេក ប៉ុន្តែខ្វះយន្តការត្រួតពិនិត្យឱ្យបានដិតដល់។ តំណាងក្រុមហ៊ុន Meta បានលើកឡើងថា៖ «ច្បាប់នេះអាចតម្រូវឱ្យក្រុមហ៊ុន... បង្កើត ឬរក្សានូវសមត្ថភាពដែលអាចបំបែក ធ្វើឱ្យខ្សោយ ឬគេចចេញពីប្រព័ន្ធសុវត្ថិភាព... និងបង្ខំឱ្យក្រុមហ៊ុនដំឡើងកម្មវិធីចារកម្មរបស់រដ្ឋាភិបាល (Spyware) ដោយផ្ទាល់ទៅក្នុងប្រព័ន្ធរបស់ពួកគេតែម្តង»

គួរជម្រាបថា ជម្លោះនេះគឺជាការប្រឈមមុខដាក់គ្នារវាង "សន្តិសុខជាតិ" និង "សិទ្ធិឯកជនភាព"។ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យាបានព្រមានថា ប្រសិនបើក្រុមហ៊ុនត្រូវបានបង្ខំឱ្យបំបែកប្រព័ន្ធសុវត្ថិភាព End-to-End Encryption នោះវានឹងក្លាយជាគំរូដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោក កាន់តែងាយរងគ្រោះពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការបាត់បង់ការសម្ងាត់ផ្ទាល់ខ្លួន៕