តុក្កតាតំណាងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី ត្រូវបានរចនាជាពិសេស ដើម្បីគោរពដឹងគុណវីរកងទ័ព
09-05-2026 08:36
(ភ្នំពេញ)៖ ការប្រកួតច្នៃប្រឌិតរូបតុក្កតាតំណាងការប្រកួត (Mascot) មេដាយ និងសម្លៀកបំពាក់ សម្រាប់ប្រើប្រាស់ផ្លូវការ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នាខែវិច្ឆិកាខាងមុខ បានបញ្ចប់ និងរកឃើញម្ចាស់ជយលាភីហើយ ដែលបានទៅយុវជន ឈន សុក្រសុធីរ ក្នុងចំណោមបេក្ខជនជាច្រើន ដែលបានចូលរួមប្រកួតប្រជែងស្នាដៃនេះ។
នៅល្ងាចថ្ងៃទី០៨ ខែឧសភា លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏បានជួបសំណេះសំណាល និងពិនិត្យស្នាដៃរបស់បេក្ខភាពជយលាភីខាងលើ ដើម្បីកែសម្រួល និងបំពេញបន្ថែមនូវចំណុចខ្វះខាតតិចតួច មុនសម្រេចសមិទ្ធផលផ្លូវការនាសប្ដាហ៍ក្រោយ។ លោកបានវាយតម្លៃខ្ពស់ ចំពោះគំនិតច្នៃប្រឌិតរបស់យុវជនខ្មែរ ក្រោយទទួលប្រធានបទ និងគោលបំណងចង់បានរបស់សហព័ន្ធ គឺបានរចនានូវស្នាដៃដ៏ល្អ សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីខាងលើ។
ទោះបីជាការប្រកួតកម្រិតអន្ដរជាតិ តែមេដាយ Mascot និងសម្លៀកបំពាក់ ត្រូវបានរចនាឡើងជាពិសេស ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។ ក្នុងនោះលោកបានសង្កត់ធ្ងន់លើរូប Mascot ដែលត្រូវបានកំណត់ប្រើរូប ហនុមាន សម្រាប់រចនាជារូបតុក្កតាតំណាងការប្រកួតនេះ ដើម្បីបង្ហាញស្មារតី នៃការគោរព និងដឹងគុណជានិច្ច ដល់វីរកងទ័ព ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ រក្សាបាននូវសុខសន្ដិភាព និងផ្ដល់ឱកាសឲ្យសហព័ន្ធបានរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងអន្ដរជាតិនានា។
លោកថា «យើងដឹងហើយថា ការលេងកីឡា ឬរៀបចំព្រឹត្តិការណ៍កីឡាបាន អាស្រ័យប្រទេសមានសុខសន្ដិភាព ដូចពាក្យស្លោក “កីឡារស់ក្នុងសន្ដិភាព”។ ហេតុអ្វី Mascot លើកនេះ យើងប្រើរូបហនុមាន? ការប្រើរូប ហនុមាន ព្រោះយើងចង់បង្ហាញពីភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាយើង ដែលកំពុងឈរការពារបូរណភាពទឹកដី នៅសមរភូមិមុខ។ ដូច្នេះបើអត់មានវីរកងទ័ព យើងក៏មិនមានពេលលេងកីឡា ហើយយើងក៏មិនអាចរៀបចំការប្រកួតកម្រិតជាតិ ឬអន្ដរជាតិបានដែរ»។
ជាមួយគ្នាយុវជន ឈន សុក្រសុធីរ បានបង្ហាញមោទនភាព ក្នុងការចូលរួមប្រកួតច្នៃប្រឌិតនេះ ដែលមិនត្រឹមផ្ដល់ឱកាសដល់យុវជនកម្ពុជា បានបង្ហាញសមត្ថភាពនោះទេ តែថែមទាំងបានបង្កើតនូវស្នាដៃ និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ សម្រាប់អត្តពលិកមកពីគ្រប់បណ្ដាប្រទេស ដែលចូលរួមប្រកួតជើងឯកវ៉ូវីណាមអាស៊ីនៅកម្ពុជា។ តាមរយៈការរចនា ដោយបញ្ជូលនូវអត្តសញ្ញាណជាតិជាច្រើន សុធីរ រំពឹងថា អ្នកដែលទទួលបានមេដាយ ឬ Mascot នឹងចងចាំពីកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ដនៅកម្ពុជាកាន់តែច្រើនទៀតផង។
លោក អ៊ូ រតនា បានបញ្ជាក់ថា ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី លើកទី៦ ចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ មកទល់ពេលនេះ គ្រប់បណ្ដាប្រទេសក្នុងទ្វីបអាស៊ី កំពុងទន្ទឹងរង់ចាំការប្រកួត ខណៈម្ចាស់ផ្ទះកម្ពុជា នឹងធ្វើការជូនដំណឹងពីការបើកទទួលចុះឈ្មោះចូលរួមនៅពាក់កណ្ដាលខែឧសភានេះ៕







