កីឡាករ Man Utd ទទួលបានប្រាក់រង្វាន់ ២៥% ជាថ្នូរនឹងការដណ្តើមបានកៅអី UCL ត្រឡប់មកវិញ

09-05-2026 10:47

(បរទេស)៖ កីឡាករគ្រប់រូបរបស់ក្លិប Manchester United នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២៥% នៃប្រាក់ពលកម្មរបស់ពួកគេ បន្ទាប់ពីខិតខំលេងរហូតបិសាចក្រហម យកបានកៅអីពានអឺរ៉ុប UEFA Champions League 2026-27 ត្រឡប់មកវិញ ក្រោយខកខានអស់ ២រដូវកាល។

បើយោងតាមការចេញផ្សាយនៅលើ Channel JF បានឱ្យដឹងថា កីឡាករ Man Utd ទាំងអស់នឹងទទួលបានប្រាក់ បន្ថែម ២៥% នារដូវកាលនេះ បន្ទាប់ពីក្រុមខ្លាំងប្រចាំទីក្រុង Manchester នឹងបញ្ចប់ក្នុងតំណែង Top-5 ដែលជាតំបន់មានសិទ្ធិលេងវគ្គ League Phase នៅ UCL។

Man Utd ដែលបានគ្រងជើងឯកលីគអង់គ្លេស Premier League ចុងក្រោយកាលពីរដូវកាលឆ្នាំ២០១២-១៣ បាន កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងដោយមាន ៦៤ពិន្ទុ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាលនេះ ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្នដល់ចប់រដូវកាលនេះគឺលោក Michael Carrick។

ពួកគេត្រូវលេងជាភ្ញៀវរបស់ Sunderland ស្អែកនេះ មុនពេលបើ់កទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួន ដើម្បីទទួលក្រុម Nottingham Forest និងលេងបិទរដូវកាល ២០២៥-២៦ នៅក្នុងផ្ទះរបស់ Brighton វិញនាថ្ងៃទី២៤ ខែឧសភា ទាំង ១០គូដំណាលគ្នាតែម្តងនៅម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)៕