មន្ដ្រីកីឡាវាយសី ជំរុញកុមារបន្ដអភិវឌ្ឍន៍ខ្លួនត្រៀមឆ្នាំ២០៣១ ក្រោយបញ្ចប់ប្រកួតកីឡាសិស្សបឋមសិក្សា
10-05-2026 10:00
(ភ្នំពេញ)៖ មន្ដ្រីសហព័ន្ធកីឡាវាយសីកម្ពុជា បានជំរុញដល់កុមារចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បន្ដខំប្រឹង និងអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាធនធានបន្ដវេនដ៏ឆ្នើមត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀមចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
នេះបើតាមការលើកឡើងរបស់លោក កែវ រស់ អនុប្រធានសហព័ន្ធ ក្នុងពិធីបិទការប្រកួតកីឡាវាយសី នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ កាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ការប្រកួតនេះមានរយៈពេល ២ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងជាង ៤០នាក់ មកពី ៧រាជធានី-ខេត្តចូលរួម។
លោកបានវាយតម្លៃខ្ពស់ ចំពោះការចូលរួម និងការបង្ហាញទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលជាកុមារា-កុមារីឆ្នាំនេះ ដែលបានបង្ហាញសមត្ថភាព និងបច្ចេកទេសល្អប្រសើរជាងឆ្នាំមុនៗ ពោលគឺទោះបីលទ្ធផលឈ្នះ-ចាញ់ តែក្នុងពិន្ទុប្រកៀកប្រកិតគ្នាយ៉ាងស្វិតស្វាញ។ ទាំងនេះ គឺជាសមិទ្ធផលថ្មីមួយ សម្រាប់សហព័ន្ធ ហើយលោកសង្ឃឹមថា ពួកគេនឹងបន្ដអភិវឌ្ឍន៍ខ្លួនកាន់តែរីកចម្រើន ដើម្បីក្លាយជាធនធានបន្ដវេនដ៏មានសក្ដានុពេលនាថ្ងៃអនាគត។
ខ្ញុំសូមផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែ ប្តេជ្ញាចិត្តហ្វឹកហាត់ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផល ខ្ពស់ ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិមាតុភូមិរបស់ យើងជាបន្តទៀត នឹងជាពិសេសត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តំណាងលោក លី កុសល ប្រធានសហព័ន្ធដដែលបន្ដថា «ខ្ញុំសូមផ្តាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែប្តេជ្ញាចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផលខ្ពស់ ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិមាតុភូមិរបស់យើងជាបន្តទៀត ជាពិសេសត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
យោងតាមរបាយការណ៍បច្ចេកទេសលោក ចេញ ញ៉ាន់ អគ្គលេខាធិការរងសហព័ន្ធ សម្រាប់ការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ជាលទ្ធផលក្នុងចំណោមរាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប ៥គ្រឿង (មាស៣ ប្រាក់២) ខេត្តបន្ទាយមានជ័យ ឈរលេខ២ ឈ្នះមេដាយ ៤គ្រឿង (មាស១ ប្រាក់២ សំរឹទ្ធ១) ខណៈ ៣ខេត្តទៀត គឺកំពង់ឆ្នាំង ឈរលេខ៣ ខេត្តព្រះសីហនុ ឈរលេខ៤ និងខេត្តកំពត ឈរលេខ៥ ទទួលបានមេដាយសំរឹទ្ធម្នាក់១វិញ្ញាសាដូចៗគ្នា៕













