Alibaba ត្រៀមបញ្ចេញ AI «Qwen« ដើម្បីផ្លាស់ប្តូរមុខមាត់ថ្មីនៃបទពិសោធន៍ទិញទំនិញលើ Taobao

11-05-2026 09:39

(បរទេស)៖ ក្រុមហ៊ុនយក្ស Alibaba កំពុងត្រៀមលក្ខណៈដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីរបស់ខ្លួនគឺ Qwen ទៅក្នុងកម្មវិធីទិញទំនើបអនឡាញ Taobao។ យោងតាមប្រភពជិតស្និទ្ធនឹងការសម្រេចចិត្តនេះ បានឲ្យដឹងថាការផ្លាស់ប្តូរនេះមានគោលបំណងជំរុញការទិញទំនិញតាមរយៈ «ការសន្ទនា» ជាជាងការវាយពាក្យស្វែងរក (Keywords) ដូចមុន។

អតិថិជនអាចស្វែងរក ប្រៀបធៀបតម្លៃ និងបញ្ជាទិញទំនិញដោយផ្ទាល់តាមរយៈការជជែកជាមួយ AI នៅក្នុងកម្មវិធី Qwen ដោយមិនចាំបាច់ចុចរុករកបញ្ជីផលិតផលដោយផ្ទាល់ដៃឡើយ។ AI របស់ Qwen នឹងមានសមត្ថភាពចូលទៅកាន់កាតាឡុកផលិតផលជាង ៤ ពាន់លានមុខនៅលើ Taobao និង Tmall។ ក្រៅពីការលក់ វាក៏មាន «បណ្ណាល័យជំនាញ» (Skills Library) ដែលអាចគ្រប់គ្រងលើផ្នែកភស្តុភារ (Logistics) និងសេវាកម្មក្រោយពេលលក់ផងដែរ។ ប្រព័ន្ធនឹងផ្តល់យោបល់ទិញទំនិញដោយផ្អែកលើ ប្រវត្តិដែលធ្លាប់បញ្ជាទិញ និងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

នៅក្នុងកម្មវិធី Taobao ផ្ទាល់ Alibaba នឹងដាក់ដំណើរការជំនួយការទិញទំនិញដែលដើរដោយថាមពល Qwen ដែលរួមមាន ការសាកល្បងសម្លៀកបំពាក់បែបនិម្មិត (Virtual Try-ons) ដែលអាចឱ្យអ្នកទិញមើលឃើញរូបរាងសម្លៀកបំពាក់លើខ្លួនប្រាណមុនសម្រេចចិត្តទិញ។ ការតាមដានតម្លៃ ៣០ ថ្ងៃ (30-day Price Tracking) មានន័យថា ជួយឱ្យអតិថិជនដឹងពីការប្រែប្រួលតម្លៃដើម្បីទិញបានក្នុងតម្លៃចំណេញបំផុត។

គួរជម្រាបថា យុទ្ធសាស្ត្ររបស់ Alibaba បានបង្ហាញពីគម្លាតរវាងបច្ចេកវិទ្យា e-commerce របស់ចិន និងបស្ចិមប្រទេស ត្បិត ចិន ដែលមាន Alibaba បានបញ្ចូល AI ទៅក្នុងប្រតិបត្តិការទិញលក់ដោយផ្ទាល់ និងពេញលេញ។ ងាកមក សហរដ្ឋអាមេរិក ដែលមាន Amazon គឺ ប្រើប្រាស់ AI ដើម្បីបង្កើនភាពងាយស្រួលក្នុងទីផ្សារ ប៉ុន្តែនៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ស្វ័យភាពពេញលេញដល់ AI។ កាណាដា ដែលមាន Shopify អនុញ្ញាតឱ្យប្រើប្រាស់ AI ពីខាងក្រៅ ជាជាងការបង្កើតប្រព័ន្ធ AI រួមបញ្ចូលគ្នាផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់។