គម្រោងមជ្ឈមណ្ឌលទិន្នន័យ ១ពាន់លានដុល្លាររបស់ Microsoft នៅកេនយ៉ា ជួបភាពរអាក់រអួល

11-05-2026 10:55

(បរទេស)៖ គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំតម្លៃ ១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន G42 នៅប្រទេសកេនយ៉ា កំពុងជួបបញ្ហាយឺតយ៉ាវ ដោយសារការមិនចុះសម្រុងគ្នាលើរឿងលុយកាក់។ តាមរបាយការណ៍ពី Bloomberg News ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានទាមទារឱ្យរដ្ឋាភិបាលកេនយ៉ាធានាលើការបង់ប្រាក់ប្រចាំឆ្នាំសម្រាប់ការប្រើប្រាស់សេវាកម្មក្នុងកម្រិតជាក់លាក់មួយ ប៉ុន្តែការចរចាត្រូវបានជាប់គាំង ដោយសារភាគីរដ្ឋាភិបាលមិនអាចផ្តល់ការធានាតាមការចង់បាន។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងមហិច្ឆតានេះ ត្រូវបានប្រកាសឡើងតាំងពីខែឧសភា ឆ្នាំ ២០២៤ មកម្លេះ ក្នុងបំណងពង្រីកសេវាកម្ម Cloud ឱ្យកាន់តែខ្លាំងនៅតំបន់អាហ្វ្រិកខាងកើត ដោយគ្រោងប្រើប្រាស់ថាមពលបៃតង (កម្ដៅក្នុងផែនដី) ទាំងស្រុង។ ទោះជាយ៉ាងណា ដោយសារបញ្ហាថវិកា និងការធានាផ្នែកហិរញ្ញវត្ថុមិនទាន់ត្រូវរូវគ្នា គេបារម្ភថាគម្រោងនេះអាចនឹងត្រូវកាត់បន្ថយទំហំឱ្យតូចជាងមុន។

ទោះបីជាមានការលេចឮពីភាពរអាក់រអួលនេះក៏ដោយ រដ្ឋាភិបាលកេនយ៉ាបានអះអាងថា កិច្ចពិភាក្សានៅតែបន្តទៅមុខ។ លោក John Tanui លេខាធិការដ្ឋាននៃក្រសួងព័ត៌មានកេនយ៉ា បានបញ្ជាក់ថា គម្រោងនេះ «មិនទាន់បរាជ័យ ឬត្រូវបានដកចេញនោះទេ» ប៉ុន្តែលោកបានពន្យល់បន្ថែមថា៖ «ទំហំនៃមជ្ឈមណ្ឌលទិន្នន័យដែលពួកគេចង់ធ្វើ នៅតែទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធខ្លះៗ» ជាពិសេសលើបញ្ហាតម្រូវការថាមពល។

គួរជម្រា​បថា គិតមកទល់ពេលនេះ ទាំងក្រុមហ៊ុន Microsoft និង G42 មិនទាន់បានចេញមុខបកស្រាយជាផ្លូវការជុំវិញភាពយឺតយ៉ាវនេះនៅឡើយទេ ខណៈដែលអ្នកតាមដានសេដ្ឋកិច្ចកំពុងរង់ចាំមើលថា តើការវិនិយោគដ៏ធំមួយនេះនឹងអាចសម្រេចទៅបានតាមផែនការដើម ឬត្រូវកែប្រែទម្រង់ថ្មី៕