លក្ខខណ្ឌថ្មីៗ នឹងជំរុញព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាលទី៣ កាន់តែរន្ថើន
11-05-2026 12:01
(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាលទី៣ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ ក្រោយរំកិលមកពីដើមឆ្នាំ ដោយសារបញ្ហាព្រំដែន ខណៈសហព័ន្ធបានបន្ថែមនូវលក្ខខណ្ឌថ្មីៗ ដែលនឹងជំរុញព្រឹត្តិការណ៍នេះកាន់តែរន្ថើន រួមមានការបង្កើតប្រាក់រង្វាន់ក្រុមលេខ១ ជុំទី១ និងជុំទី២ និងការបើកឲ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ជាដើម។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា តេជោលីគ ឆ្នាំនេះ ត្រូវបានបង្កើនប្រាក់រង្វាន់សរុបជាង ១០០លានរៀល សម្រាប់បែងចែកជូនក្លិបចូលរួមទាំង ៨ គឺក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាល (ន.ប)ខេត្តស្វាយរៀង, ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាន ន.ប ខេត្តកោះកុង និងក្លិបស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ។
ជុំវិញប្រាក់រង្វាន់នេះដែរ ក្រៅពីទទួលបានថវិកាតាមជុំ និងវគ្គបន្ដបន្ទាប់ សម្រាប់ក្លិបបញ្ចប់ការប្រកួតជុំទី១ និងជុំទី២ ដោយឈរចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់បន្ថែម ៤លានរៀល ក្នុងមួយជុំ ។ ជារួមបើក្លិបណាមួយ ដែលមានលទ្ធភាពដណ្ដើមបានលេខ១ ទាំងជុំទី១ និងជុំទី២ ហើយបន្ដឡើងវគ្គបន្ដ រហូតក្លាយជាជើងឯក ពួកគេនឹងទទួលបានប្រាក់រង្វាន់សរុប ៦៨លានរៀល។
ដោយឡែកពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រកួតរដូវកាលថ្មីនេះវិញ សម្រាប់ជុំទី១ សហព័ន្ធអនុញ្ញាតឲ្យក្លិបទាំង ៨ ទិញកីឡាករបរទេស ៧រូប និងមានលទ្ធភាពលេងលើទីលាន ៣រូប។ បន្ទាប់ពីចប់ជុំទី១ ក្លិបទាំង ៦ ដែលត្រូវឡើងជុំទី២ មានសិទ្ធផ្លាស់ប្ដូរកីឡាករថ្មី ៦រូបទៀត កំឡុងពេលសម្រាក ដើម្បីរៀបចំ និងពង្រឹងក្រុមឲ្យកាន់តែខ្លាំងមុនប្រកួតវគ្គបន្ដ។ លក្ខខណ្ឌនេះ ធ្វើឡើងដើម្បីជំរុញការប្រកួតប្រជែងកាន់តែខ្ពស់ផង និងរួមចំណែកលើកកម្ពស់ជីវភាពកីឡាករផង។
តាមរយៈការបន្ថែមនូវលក្ខខណ្ឌថ្មីទាំងអស់នេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ ជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ តេជោលីគ ឆ្នាំនេះ នឹងទទួលបានការគាំទ្រកាន់តែច្រើន ហើយមានការប្រកួតប្រជែងកាន់តែខ្លាំង ដ្បិតក្រុមការពារជើងឯក ក៏នឹងមិនប្រលែងដៃ ព្រោះត្រូវការឈ្នះ ដើម្បីគ្រងពានធំដាច់ ក្នុងនាមម្ចាស់ជើងឯក ៣ឆ្នាំជាប់គ្នា ខណៈក្លិបផ្សេងៗ ក៏កំពុងពង្រឹងកីឡាករបានល្អរៀងៗខ្លួន ដើម្បីប្រជែង និងរារាំងដំណើរគ្រងជើងឯកឆ្នាំទី៣ របស់បញ្ជាការដ្ឋានអង្គរ។
ការណ៍នេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្ឃឹមថា ក្លិបនីមួយៗ នឹងគ្មានឡើយការលេងលាក់កីឡាករ ពិសេសចាប់ពីជុំទី២។ មិនតែប៉ុណ្ណោះ លោកក៏ចាត់ទុកតេជោលីគ រដូវកាលនេះ ជាវេទិកាដ៏សំខាន់ សម្រាប់កីឡាករកម្ពុជាទាំងអស់បង្ហាញសមត្ថភាព ដើម្បីទាក់ចិត្តគ្រូបង្វឹកក្រុមជម្រើសជាតិ ក្នុងការជ្រើសរើសប្រមូលផ្ដុំ និងចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិផងដែរ។
សម្រាប់កម្មវិធីប្រកួត តេជោលីគ រដូវកាលទី៣ នេះ ជុំទី១ ចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមឈរលេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ចាំមើលតើក្រុមជើងឯក ២សម័យ បញ្ជាការដ្ឋានអង្គរក្ស អាចការពារតំណែងជើងឯកបាន ឬយ៉ាងណា?












