លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះ ១០០ ខ្នងជាលើកទី ២ ជូនអតីតយុទ្ធជនកម្ពុជា
11-05-2026 12:13
(ភ្នំពេញ)៖ ក្នុងស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនស្នេហាជាតិ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីប្រគល់-ទទួលថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នង ជាលើកទី ២ ជូនដល់អតីតយុទ្ធជន។ កម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។
បន្ទាប់ពីការឧបត្ថម្ភសាងសង់លំនៅដ្ខានលើកទី១ ចំនួន ១០០ខ្នង ក្នុងខេត្តកំពង់ធំ កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ លោកអ្នកឧកញ៉ា លាង ឃុន ក៏បានឧបត្ថម្ភបន្ថែមចំនួន ៨០ លានរៀល ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ។ ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង បានបន្តឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះចំនួន ១០០ខ្នង ជាលើកទី២ បន្ថែមទៀត។ ការឧបត្ថម្ភថ្មីនេះ នាំឱ្យចំនួនផ្ទះសរុបដែលក្រុមហ៊ុនបានផ្តល់ជូន សមាគមអតីតយុទ្ធជនកម្ពុជា កើនឡើងដល់ទៅ ២០០ខ្នងឯណោះ។
ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ឈរជើងយ៉ាងរឹងមាំជាង ៤០ឆ្នាំក្នុងសង្គមខ្មែរ ជីប ម៉ុង ព្រមទាំងពហុពាណិជ្ជកម្មជាង ១៤ នៅតែបន្តនៅក្បែរបងប្អូនខ្មែរ ផ្តល់ត្រឡប់ទៅសង្គមវិញ តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ថ្មីៗនេះ ជីប ម៉ុង បានឧបត្ថម្ភសាងសង់អគារសិក្សាថ្មីសរុបចំនួន ៦ ទីតាំង រួមមាន ខេត្តឧត្តរមានជ័យចំនួន ២ទីតាំង, ខេត្តព្រះវិហារចំនួន ២ទីតាំង, ខេត្តបន្ទាយមានជ័យចំនួន ១ទីតាំង, និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ នៅសាលាបឋមសិក្សាព្រៃ-ស ដោយចំណាយថវិកាសរុបជាង ១លានដុល្លារ។
ដោយឡែក ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ថ្មីៗនេះ ជីប ម៉ុង ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១លាន ៣សែន ៥ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈការចូលរួមដោយផ្ទាល់ និងជាមួយស្ថាប័នផ្សេងៗ រួមមាន គម្រោងមន្ទីរពេទ្យកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, និងនាយកដ្ឋានគយ ដើម្បីបន្តចូលរួមសម្រាលបន្ទុកសង្គម និងលើកកម្ពស់សកម្មភាពមនុស្សធម៌ទូទាំងប្រទេស។
ស្មារតីរួបរួមគ្នា ខ្មែរស្រឡាញ់ខ្មែរ៕










