“១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” កម្មវិធីដំបូងបង្អស់ ដែលរួមបញ្ជូល ការរត់ ជាមួយ “ពិព័ណ៌សៀវភៅ” ក្នុងពេលតែមួយ
11-05-2026 14:25
(ភ្នំពេញ)៖ លើសពីកម្មវិធីរត់ «ពិព័រណ៍សៀវភៅ» ក៏នឹងមានរៀបចំឡើងនៅក្នុងកម្មវិធី «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ» ដែលរៀបចំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រួមសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។
គ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធ ចំនួនជាង៣០ នឹងមានវត្តមានចូលរួមជាមួយនឹងស្តង់សៀវភៅ ក្នុងពិព័រណ៌សៀវភៅ ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩ព្រឹក ដល់ ៦យប់ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ (ម៉ោង៥ព្រឹក-១១ព្រឹក) នៅបរិវេណមុខសាលចតុមុខកោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ជាកម្មវិធីថ្នាក់ជាតិគម្រូលើកដំបូង ដែលរួមបញ្ចូលសកម្មភាពកីឡា (រត់) និង ពិព័ណ៌សៀវភៅ ក្នុងកម្មវិធីតែមួយ។
ពិព័រណ៍សៀវភៅ គឺជាផ្នែកមួយដ៏សំខាន់ ដែលផ្តួចផ្តើមរៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្សារភ្ជាប់កម្មវិធីរត់ ទៅនឹងការចូលរួមផ្សព្វផ្សាយ លើកម្ពស់ការអាន បណ្តុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និង ការបង្កើតវប្បធម៌អាន ជាពិសេសក្នុងចំណោមយុវជន និងកុមារតូចៗ ដើម្បីឱ្យការអាន ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
ការរៀបចំ ពិព័រណ៍សៀវភៅនេះ ក៏ជាសារមួយបង្ហាញពីសកម្មភាពគាំទ្រការតែងនិពន្ធ និងការបោះពុម្ពផ្សាយនៅកម្ពុជា។
«១ម៉ឺនជំហាន ដើម្បីសិស្ស១ ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ» នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ រំពឹងថា នឹងមានអ្នកចូលរួម ប្រមាណជាង ៣,០០០នាក់។
សម្រាប់ថវិកាដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធីរត់ បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅ៖
* ឧបត្ថម្ភទិវាជាតិអំណាន និងពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល៣ឆ្នាំ
* រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន១ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល៣ឆ្នាំ
* ឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់ នៃការអាននៅតាមបណ្តាខេត្តមួយចំនួន សម្រាប់រយៈពេល៣ឆ្នាំ។
សាធារណជនទូទៅ អាចចូលរួមទស្សនាពិព័រណ៍សៀវភៅដោយសេរី នៅមុខបរិវេណសាលចតុមុខ កោះពេជ្រ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
សម្រាប់អ្នកដែលមិនបានមករត់ ក៏អាចមកចូលរួមពិព័ណ៌សៀវភៅបាន មកដើរមើល មកទិញសៀវភៅ មកលេងស្តង់សៀវភៅ អង្គការស៊ីប៉ា គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ ម៉ាញប៊ុក្ស RYL Cambodia ស្តង់សារមន្ទីរ ស.ស.រ និងស្តង់សៀវភៅប្រមានជាង ៣០ស្តង់ទៀត ដែលនឹងមានវត្តមានក្នុងកម្មវិធី។
សូមជម្រាបថា អម្រឹត មានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១០ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ផលវិជ្ជមានដល់សង្គម។
បច្ចុប្បន្ន អម្រឹត បាននិងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជាង៩០ម៉ឺននាក់ មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង៤,៧០០នាក់កំពុងបម្រើការងារ។
អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង១.៤ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង១.៦ពាន់លានដុល្លារអាមេរិក៕










