BYD និងក្រុមហ៊ុនរថយន្តចិនសម្រុកវាយលុកទីផ្សារក្រៅប្រទេស ខណៈការលក់ក្នុងស្រុកជាប់គាំង ៧ខែជាប់គ្នា
11-05-2026 14:54
(បរទេស)៖ ទីផ្សាររថយន្តនៅក្នុងប្រទេសចិនកំពុងជួបស្ថានភាពផ្ទុយគ្នាស្រឡះ ដោយការលក់ក្នុងស្រុកក្នុងខែមេសា បានធ្លាក់ចុះរហូតដល់ ២១,៦% មកនៅត្រឹម ១,៤ លានគ្រឿង ដែលជាការធ្លាក់ចុះជាខែទី៧ ជាប់ៗគ្នា។ មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារការប្រកួតប្រជែងតម្លៃយ៉ាងស្វិតស្វាញ និងការហក់ឡើងនៃតម្លៃប្រេង ដែលធ្វើឱ្យអ្នកប្រើប្រាស់រារែកចិត្ត។ លោក Cui Dongshu អគ្គលេខាធិការនៃសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានកត់សម្គាល់ថា៖ «ការលក់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើសាំង) មិនសម្រេចបានតាមការរំពឹងទុក ដោយសារតម្លៃប្រេងឡើងថ្លៃ ហើយតម្រូវការរថយន្ត Hybrid ក៏មានភាពយឺតយ៉ាវផងដែរ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
ផ្ទុយពីភាពស្ងប់ស្ងាត់ក្នុងស្រុក ការនាំចេញរថយន្តអគ្គិសនី (EV) និងរថយន្ត Hybrid របស់ចិនទៅកាន់ទីផ្សារអន្តរជាតិ បានហក់ឡើងយ៉ាងគំហុកដល់ទៅ ១១១,៨%។ សន្ទុះនៃការនាំចេញដ៏ខ្លាំងក្លានេះ កើតឡើងចំពេលដែលតម្លៃប្រេងពិភពលោកកំពុងកើនឡើង ដោយសារឥទ្ធិពលនៃជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាកត្តាជម្រុញឱ្យអ្នកប្រើប្រាស់នៅក្រៅប្រទេស ងាកមកចាប់អារម្មណ៍រថយន្តអគ្គិសនីរបស់ចិនកាន់តែច្រើន។
ស្ថានភាពនេះបង្ហាញឱ្យឃើញច្បាស់តាមរយៈក្រុមហ៊ុនយក្ស BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេលើលោក។ បើទោះជាការនាំចេញទៅក្រៅប្រទេសនៅតែរឹងមាំ ប៉ុន្តែការលក់សរុបរបស់ខ្លួនបានធ្លាក់ចុះជាខែទី៨ ទៅហើយ។ ស្របពេលជាមួយគ្នានេះ ស្ថាប័ន Morgan Stanley បានព្យាករណ៍ថា ការលក់ក្នុងស្រុករបស់ចិនអាចនឹងបន្តធ្លាក់ចុះដល់ ១១% ក្នុងឆ្នាំនេះ ខណៈដែលការនាំចេញនឹងក្លាយជា «ពន្លឺសង្ឃឹម» តែមួយគត់ ដោយរំពឹងថានឹងកើនឡើងដល់ ៣៣%។
គូសបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តចិនកំពុងព្យាយាមពង្រីកវិសាលភាពចេញពីការប្រកួតប្រជែងដ៏តឹងតែងក្នុងស្រុក ដើម្បីងាកទៅវាយលុកទីផ្សារពិភពលោកយ៉ាងពេញទំហឹង ក្នុងគោលដៅរក្សាតុល្យភាពអាជីវកម្មរបស់ខ្លួនឡើងវិញ៕












