កម្ពុជា ត្រៀមកីឡា ១១ប្រភេទ ចូលរួមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
11-05-2026 15:33
(ភ្នំពេញ)៖ កម្ពុជាបានត្រៀមអត្តពលិកចំនួន ១១ប្រភេទកីឡាជាបណ្ដោះអាសន្ន ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ រួមមានកីឡាហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ចំបាប់ កីឡាអេឡិចត្រូនិក និងបាល់ទាត់លើតុ។
នេះបើតាមការបញ្ជាក់របស់លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោយកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមលក្ខណៈរៀបចំប្រតិភូកីឡាកម្ពូជា ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន និងលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោកថា កីឡាទាំង ១១ប្រភេទខាងលើ គឺស្ថិតក្នុងគម្រោង ដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងបញ្ជូនទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ២ឆ្នាំម្ដងនេះ ហើយក្នុងដែរ កីឡាតេក្វាន់ដូ WT និងកីឡាអេឡិចត្រូនិក ត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមុនសិន ដើម្បីប្រជែងកៅអី ឬសិទ្ធផ្លូវការចូលរួមការប្រកួតកីឡាអាស៊ី ដែលជប៉ុននឹងធ្វើម្ចាស់ផ្ទះនាពេលខាងមុខ។
គួរដឹងថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ ដែលរៀបចំនៅទីក្រុង Aichi និងទីក្រុង Nagoya ប្រទេសជប៉ុន ត្រូវបានកំណត់កីឡា ៤៣ប្រភេទ និងមានអត្តពលិកមកពី ៤៦ប្រទេសចូលរួ។ សម្រាប់កម្ពុជា ការចូលរួមលើកចុងក្រោយ ក្នុងកីឡាអាស៊ី លើកទី១៩ នៅចិន គឺដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ ដោយក្រុមកីឡាការិនីការ៉ាតេលើវិញ្ញាសាសម្ដែងនារី ៣នាក់៕








