តារាចម្រៀង Dua Lipa ប្តឹងក្រុមហ៊ុន Samsung ទាមទារសំណង ១៥លានដុល្លារ ករណីយករបរូបភាពទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត

12-05-2026 09:19

(បរទេស)៖ តារាចម្រៀងប៉ុបដ៏ល្បីល្បាញជនជាតិអង់គ្លេស Dua Lipa បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics ដោយទាមទារសំណងយ៉ាងតិច ១៥លានដុល្លារអាមេរិក។ នាងបានចោទប្រកាន់ក្រុមហ៊ុននេះថា បានយកផ្លាកសញ្ញា និងរូបភាពរបស់នាងទៅប្រើប្រាស់ក្នុងគោលបំណងធ្វើទីផ្សារលក់គ្រឿងទូរទស្សន៍ ដោយគ្មានការអនុញ្ញាត។

យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធនៅរដ្ឋ California កាលពីថ្ងៃសុក្រកន្លងទៅ បានឱ្យដឹងថា Samsung បានយករូបភាពដែលមានជាប់សិទ្ធិអ្នកនិពន្ធរបស់ Dua Lipa ទៅបោះពុម្ពនៅលើប្រអប់កេសទូរទស្សន៍សម្រាប់លក់រាយ។ ការធ្វើបែបនេះ បានធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំថា តារាចម្រៀងរូបនេះគឺជាអ្នកតំណាងផលិតផល ឬជាអ្នកផ្តល់ការគាំទ្រ (Endorsement) ដល់ផលិតផលរបស់ពួកគេ។ រូបភាពដែលជាដើមចមនៃជម្លោះនេះ មានចំណងជើងថា «Dua Lipa - Backstage at Austin City Limits, 2024» ដែលជាកម្មសិទ្ធិបញ្ញាផ្តាច់មុខរបស់នាង។

ក្រៅពីការរំលោភលើសិទ្ធិអ្នកនិពន្ធ និងពាណិជ្ជសញ្ញា Dua Lipa ក៏បានចោទប្រកាន់ Samsung ពីបទរំលោភលើ «សិទ្ធិជាសាធារណៈ» (Publicity Rights) ផងដែរ។ ក្រុមមេធាវីរបស់នាងបានភ្ជាប់មកជាមួយនូវរូបភាព Screenshots ពីបណ្តាញសង្គម ដែលបង្ហាញថាមានអ្នកគាំទ្រខ្លះសម្រេចចិត្តទិញទូរទស្សន៍នោះ ព្រោះតែឃើញរូបភាពរបស់នាងនៅលើប្រអប់។ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា៖ «នឹងទិញទូរទស្សន៍នេះ គ្រាន់តែដោយសារតែមានរូប Dua នៅលើហ្នឹង»។

ម្ចាស់បទ «Levitating» រូបនេះ បានដឹងពីការរំលោភសិទ្ធិរបស់ Samsung តាំងពីខែមិថុនា ឆ្នាំមុនមកម្ល៉េះ។ ក្រុមមេធាវីបានបញ្ជាក់ថា ពួកគេបានទាមទារឱ្យ Samsung បញ្ឈប់ការប្រើប្រាស់រូបភាពនោះ ប៉ុន្តែក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចមួយនេះបានបដិសេធជាបន្តបន្ទាប់។ ការប្រើប្រាស់រូបភាពដោយគ្មានច្បាប់អនុញ្ញាតនេះ ត្រូវបានមេធាវីអះអាងថា បានធ្វើឱ្យប៉ះពាល់ដល់ «តម្លៃម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម» របស់ Dua Lipa យ៉ាងធ្ងន់ធ្ងរ ដោយសារវាបានបង្កើតឱ្យមានការយល់ច្រឡំដល់សាធារណជន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung Electronics បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលើកឡើងថា ក្រុមហ៊ុនមិនអាចផ្តល់ព័ត៌មានលម្អិតចំពោះរឿងក្តីដែលកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ចំណែកខាងមេធាវីរបស់ Dua Lipa ក៏មិនទាន់មានប្រតិកម្មភ្លាមៗចំពោះសំណើសុំការបកស្រាយបន្ថែមពីអ្នកសារព័ត៌មានដែរ៕