Toyota ត្រៀមចំណាយទុនមហាសាល បើករោងចក្រផលិតរថយន្ត SUV ថ្មីសន្លាងនៅឥណ្ឌា
12-05-2026 11:58
(បរទេស)៖ ក្រុមហ៊ុនយក្សជប៉ុន Toyota ទើបតែបានប្រកាសជាផ្លូវការនូវផែនការសាងសង់រោងចក្រផលិតរថយន្តថ្មីមួយកន្លែងទៀត ស្ថិតនៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ រោងចក្រនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន នៅអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៩ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
គម្រោងថ្មីនេះមានគោលដៅផលិតរថយន្តឱ្យបានដល់ទៅ ១០០,០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្ដោតសំខាន់ទៅលើការផលិតរថយន្តម៉ូដែល SUV ជំនាន់ថ្មី។ ការពង្រីកវិសាលភាពនេះ មិនត្រឹមតែជួយបង្កើនផលិតកម្មរថយន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយបង្កើតឱកាសការងារថ្មីៗដល់ប្រជាជនក្នុងតំបន់ ប្រហែល ២,៨០០ នាក់ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមហ៊ុន Toyota បានបញ្ជាក់ថា រោងចក្រនេះនឹងមានទីតាំងស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Bidkin (Bidkin Industrial Area)។ នេះគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ Toyota ក្នុងការដើរឱ្យទាន់តម្រូវការទីផ្សាររថយន្តដែលកំពុងមានការកើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងក្នុងតំបន់៕












