អង្គការឈរុអ៊ូសានសម្រាប់កុមារ សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្ទះកុមារឆត្របៃតង នៅបឹងត្របែក

12-05-2026 13:00

(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជាកំពុងពង្រីកសេវាថែទាំ និងអប់រំកុមារតូចប្រកបដោយស្តង់ដានៅទូទាំងវិស័យសហគ្រាស និងក្រសួងស្ថាប័នរដ្ឋ «អង្គការឈរុអ៊ូសានសម្រាប់កុមារ» (ChorogUsan for children) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្ទះកុមារឆត្របៃតង» នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ក្រោមការអនុវត្តរបស់គម្រោងអភិវឌ្ឍន៍កុមារបឹងត្របែក ផ្ទះកុមារនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវគម្លាតដ៏សំខាន់មួយ ដោយនាំយកមកនូវគំរូនៃការថែទាំកុមារតូចប្រកបដោយគុណភាព ទៅដល់កុមារងាយរងគ្រោះដែលរស់នៅតាមបណ្តោយប្រឡាយបឹងត្របែកដោយផ្ទាល់។ កន្លងមក ដោយសារកង្វះខាតទីកន្លែងថែទាំប្រកបដោយសុវត្ថិភាព កុមារត្រូវបានគេទុកចោលដោយខ្វះការយកចិត្តទុកដាក់ ខណៈដែលឪពុកម្តាយរបស់ពួកគេត្រូវចេញទៅប្រកបរបរចិញ្ចឹមជីវិត ដូចជារើសអេតចាយ ឬលក់ដូរតាមដងផ្លូវ។ ដោយភាគច្រើន ឪពុកម្តាយបាននាំយកកូនតូចៗទៅជាមួយ ឬតម្រូវឱ្យបងៗរបស់ពួកគេមិនបានទៅរៀនទៀងទាត់ដើម្បីទទួលបន្ទុកមើលថែប្អូនៗជំនួស។

ឈរលើតម្លៃស្នូលដែលចាត់ទុក «កុមារជាអាទិភាពទី១» អង្គការឈរុអ៊ូសានសម្រាប់កុមារ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតផ្ទះកុមារនេះឡើង ដើម្បីផ្តល់សេវាកម្មគាំទ្រកុមារយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ សេវាកម្មទាំងនេះរួមមាន៖ ការថែទាំពេញមួយថ្ងៃសម្រាប់កុមារអាយុពី ២ទៅ៤ឆ្នាំ ការថែទាំកន្លះថ្ងៃសម្រាប់កុមារអាយុ ៥ឆ្នាំ ការគាំទ្រការសិក្សាក្រោយម៉ោងរៀនសម្រាប់សិស្សបឋមសិក្សា និងកុមារដែលដល់អាយុតែពុំទាន់បានចូលរៀន ការពិនិត្យសុខភាពប្រចាំខែ ព្រមទាំងកម្មវិធីលើកកម្ពស់ការចូលរួមរបស់អាណាព្យាបាលក្នុងការអប់រំកូន។

ពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការចូលរួមចំណែករបស់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការអប់រំកុមារតូច។ លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បន្ថែមទៀតថា «ការវិនិយោគលើកុមារនៅថ្ងៃនេះ គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃប្រទេសជាតិ។ យើងមិនត្រឹមតែចង់ឱ្យកុមារចេះអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ឱ្យពួកគេលូតលាស់ធំធាត់ឡើងដោយទទួលបាននូវក្តីស្រឡាញ់ សុខភាពល្អ បំណិនជីវិត ទំនាក់ទំនងសង្គម-អារម្មណ៍ និងឥរិយាបថវិជ្ជមាន»។

ក្នុងស្មារតីនៃចក្ខុវិស័យរួមគ្នានេះ លោក Kim Chang Ryong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរំលឹកអំពីដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានជំរុញដោយការអប់រំ។ ឯកឧត្តម បានមានប្រសាសន៍ថា «ផ្ទះកុមារឆត្របៃតងមិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមណ្ឌលនៃក្តីសង្ឃឹម។ ជាមួយនឹងការអប់រំប្រកបដោយគុណភាព អាហារូបត្ថម្ភ និងការគាំទ្រសេវាសុខភាព កុមារទាំងនេះនឹងលូតលាស់ក្លាយជាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសកម្ពុជា»។

លោក Hwang Young Key នាយកប្រតិបត្តិអង្គការឈរុអ៊ូសានសម្រាប់កុមារ ទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េ បានគូសបញ្ជាក់ពីមរតកដ៏ជោគជ័យរយៈពេល ៧៨ឆ្នាំ របស់អង្គការលើផ្នែកសុខុមាលភាពកុមារ។ លោកបានលើកឡើងថា «កន្លែងនេះគឺជាគំរូនៃការគាំទ្រគ្រប់ជ្រុងជ្រោយ ដែលត្រូវបានកសាងឡើងក្រោមកិច្ចសហការ និងការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភ និងដៃគូរបស់យើង។ ដូចបុរាណលោកពោលថា ការចិញ្ចឹមបីបាច់កុមារម្នាក់ គឺទាមទារឱ្យមានការចូលរួមពីសហគមន៍ទាំងមូល។ យើងសង្ឃឹមថាទីកន្លែងនេះនឹងក្លាយជាបរិស្ថានប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ជាកន្លែងដែលកុមារអាចរៀនសូត្រ អភិវឌ្ឍន៍ខ្លួន និងអាចកសាងក្តីស្រមៃរបស់ពួកគេ»។

ផ្ទះកុមារឆត្របៃតង គឺជាការផ្តើមចេញនូវក្តីសង្ឃឹមថ្មីសម្រាប់កុមារងាយរងគ្រោះ ដោយមានគោលបំណងបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងជីវិតរបស់ពួកគេ។ តាមរយៈការផ្តល់សេវាថែទាំ និងការការពារ ផ្ទះកុមារនឹងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់កុមារគ្រប់រូប៕