ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គមសកល និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨

12-05-2026 13:04

(ភ្នំពេញ)៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃ ដាំដើមកោងកាងជាមួយមិត្តរួមការងារ នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង បានប្រែក្លាយជាអនុស្សាវរីយ៍ ដែលធ្វើឱ្យគាត់ញញឹមរាល់ពេល ដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ។

«ខ្ញុំមិនអាចបំភ្លេចបានឡើយ នៅគ្រាដែលខ្ញុំបានជាប់ភក់នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នាប្រញាប់ប្រញាល់មកជួយ» នេះជាការលើកឡើង របស់គាត់ទាំងស្នាមញញឹម។ «វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម ជួយកសាងសាមគ្គីភាព និងធ្វើឱ្យពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលពួកយើងធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា ពួកយើងក្លាយជាគ្រួសារតែមួយ»

បទពិសោធន៍របស់គាត់ ឆ្លុះបញ្ចាំងពីវប្បធម៌នៃការងារស្ម័គ្រចិត្តយ៉ាងទូលំទូលាយនៅក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនដែលមានឈ្មោះថា ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកបានរួមចំណែកផ្តល់ពេលវេលាស្ម័គ្រចិត្តសរុបជាង ៦០,០០០ម៉ោង គិតចាប់តាំងពីឆ្នាំ២០១៤ ដែលគាំទ្រដល់គំនិតផ្ដួចផ្ដើមនានាលើវិស័យអប់រំ ការអភិវឌ្ឍសហគមន៍ វិស័យកីឡា និងការការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ កាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់នៅក្នុងកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ នៅទីក្រុងបាងកកប្រទេសថៃដែលក្នុងនោះក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានពានរង្វាន់ចំនួន ៤ រួមមាន ពានរង្វាន់ក្រុមហ៊ុនល្អបំផុត ក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦ ឆ្នាំជាប់ៗគ្នា ពានរង្វាន់ឧត្តមភាពក្នុងការផ្តល់ចំណេះដឹង និងការអប់រំ (កម្រិតមាស) ពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (កម្រិតប្រាក់) និងពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានល្អបំផុត (កម្រិតប្រាក់)។

ប៉ុន្តែលើសពីពានរង្វាន់ទាំងនេះ ឥទ្ធិពលវិជ្ជមានដែលកើតចេញពីសកម្មភាពទាំងនេះ ត្រូវបានស្តែងឱ្យឃើញតាមរយៈរឿងរ៉ាវដែលកើតមានឡើងជារៀងរាល់ថ្ងៃ។

នៅអនុវិទ្យាល័យអូរបែកក្អមក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ លោកគ្រូ ឃុន ពិសិដ្ឋ ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្របរិស្ថាន បានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថ របស់សិស្សានុសិស្សចាប់តាំងពីសាលាបានចូលរួមក្នុង «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង» របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ កម្មវិធីប្រកួតប្រជែងនៅតាមសាលារៀននេះ ត្រូវបានដំណើរការក្នុងឆ្នាំ២០២៤ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបច្ចុប្បន្នបានពង្រីកវិសាលភាពដល់សាលារៀនចំនួន ៧៩ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាមដែលបង្រៀនសិស្សានុសិស្សអំពីការគ្រប់គ្រងសំណល់ ការកែច្នៃឡើងវិញ និងការទទួលខុសត្រូវចំពោះបរិស្ថាន។

លោកគ្រូបានឱ្យដឹងថា «កម្មវិធីនេះ បានជួយកែលម្អបរិស្ថានសិក្សានៅក្នុងសាលារបស់យើង និងផ្តល់ឱកាសឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់ ព្រមទាំងចេះថែរក្សាបរិស្ថានជុំវិញខ្លួន»«បច្ចុប្បន្ន ពួកគេចូលរួមក្នុងសកម្មភាពសម្អាតអនាម័យប្រចាំថ្ងៃ ហើយថែមទាំងចាប់ផ្តើមបង្កើតសួនបន្លែនៅឆ្នាំនេះទៀតផង។ ខ្ញុំពិតជាមានមោទនភាពដែលពួកគេបានជំរុញទឹកចិត្តគ្នាទៅវិញទៅមក និងអភិវឌ្ឍស្មារតីនៃការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះបរិស្ថាន»

កិច្ចខិតខំប្រឹងប្រែងទាំងនេះហើយ ដែលធ្វើឱ្យសាលារៀនមួយនេះគ្រងតំណែងជាជើងឯកនៃពានរង្វាន់សាលារៀនស្អាតប្រចាំឆ្នាំ២០២៥។

សម្រាប់អ្នកដទៃទៀត ការផ្លាស់ប្តូរនេះបានផ្តល់ឥទ្ធិពលវិជ្ជមានលក្ខណៈបុគ្គល។ ផុន ឧត្តម ដែលកាលពីមុនមិនមានលទ្ធភាពបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា ដោយសារបញ្ហាខ្វះខាតថវិកា បានចាត់ទុកកម្មវិធីជួយសង្គ្រោះយុវជនដែលងាយរងគ្រោះរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ថាជាអ្នកផ្តល់ឱកាសទីពីរសម្រាប់រូបគាត់។ គាត់បាននិយាយថា «ការដែលមិនអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន វាប្រៀបដូចជាទ្វារដែលត្រូវបានបិទអ៊ីចឹង ប៉ុន្តែកម្មវិធីនេះបានជួយឱ្យខ្ញុំអាចកសាងអនាគតជាថ្មីឡើងវិញ»។

កម្មវិធីស្នាក់នៅរយៈពេល ២០ខែនេះ បានផ្តល់នូវជំនាញអនុវត្តជាក់ស្តែងដល់យុវជនដែលជួបការលំបាក ចាប់ពីជំនាញទំនាក់ទំនងភាសាអង់គ្លេស រហូតដល់ចំណេះដឹងផ្នែកឌីជីថល ព្រមទាំងជួយកសាងទំនុកចិត្ត និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារ។ បច្ចុប្បន្ន ឧត្តម កំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាឯកជនមួយក្នុងខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ គាត់បន្ថែមថា «ការរៀនទំនាក់ទំនងជាភាសាអង់គ្លេសដោយភាពជឿជាក់ បានបើកផ្លូវឱ្យខ្ញុំទទួលបានឱកាសការងារនេះ ហើយឥឡូវនេះ ខ្ញុំមានលទ្ធភាពចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអនាគតគ្រួសាររបស់ខ្ញុំ»។

ចំពោះបុគ្គលជាច្រើនទៀត ដូចជាកញ្ញា វណ្ណាលីន ជាដើម បទពិសោធន៍ដែលទទួលបាន គឺលើសពីការចូលរួមការងារសង្គម។ លោក ជុំ យ៉េត ដែលបានចូលរួមស្ទើរគ្រប់ សកម្មភាពការងារសង្គម បានជាប់ឈ្មោះជា «បុគ្គលិកស្ម័គ្រចិត្តឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីថ្លែងអំណរគុណបុគ្គលិកស្ម័គ្រចិត្តលើកដំបូងរបស់ក្រុមហ៊ុន។

លោកបានឱ្យដឹងថា «អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុត គឺការបានឃើញស្នាមញញឹមរបស់កុមារ។ វាមានអត្ថន័យបំផុតសម្រាប់ខ្ញុំ»។ លោកបានបន្ថែមទៀតថា ការលះបង់ពេលវេលារបស់លោក ក៏ជាវិធីមួយក្នុងការចូលរួមចំណែកដល់ប្រទេសផងដែរ។ «យើងធ្វើការងារស្ម័គ្រចិត្តដើម្បីសហគមន៍របស់យើង ហើយយើងស្ម័គ្រចិត្តដើម្បីជួយអភិវឌ្ឍប្រទេសរបស់យើង»

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា លោកមានក្តីរំភើបយ៉ាងខ្លាំងចំពោះការទទួលស្គាល់នេះ។ លោកបានបញ្ជាក់ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការចូលរួមចំណែកកសាងជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពថា «សម្រាប់ពួកយើង ពានរង្វាន់ទាំងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់វឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងសម្រាប់សហគមន៍នៅទូទាំងប្រទេស»

ក្នុងខណៈពេលដែលក្រុមហ៊ុនណាហ្គាវើលដ៍ប្រារព្ធខួបលើកទី៣១ របស់ខ្លួន ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើគំនិតផ្ដួចផ្ដើម ដែលគាំទ្រដល់គោលដៅនិរន្តរភាពរបស់កម្ពុជា ដែលភាពជោគជ័យត្រូវបានវាស់វែងមិនមែនដោយសារតែការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង ដែលកើតមានឡើងជារៀងរាល់ថ្ងៃមិនថាជាការដើរកាត់ភក់ ការផ្តល់ឱកាសទីពីរ ឬការផ្លាស់ប្តូរតូចៗដែលរួមចំណែកបង្កើតបានជាសមិទ្ធផលដ៏ធំធេងសម្រាប់សង្គមជាតិ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ផ្នែកនិរន្តរភាព ដែលបានដំណើរការយូរជាងគេបំផុតក្នុងតំបន់អាស៊ីដែលផ្តល់ការទទួលស្គាល់ដល់បណ្តាអង្គភាព និងអ្នកដឹកនាំទាំងឡាយណាដែលបាន និងកំពុងជំរុញវឌ្ឍនភាពផ្នែកនិរន្តរភាពនៅទូទាំងតំបន់៕