Trump ដឹកនាំកំពូលមហាសេដ្ឋី Elon Musk និង Tim Cook ទៅចិន ខណៈយុទ្ធសាស្ត្រពាណិជ្ជកម្មថ្មីចាប់ផ្តើម!

12-05-2026 13:40

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ ដោយមានការអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកជាច្រើនរូប រួមមានលោក Elon Musk, លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple, លោក Larry Culp អគ្គនាយកក្រុមហ៊ុន GE Aerospace និងលោក Kelly Ortberg អគ្គនាយកក្រុមហ៊ុន Boeing។

ក្រៅពីឥស្សរជនល្បីៗខាងលើ បញ្ជីឈ្មោះអ្នកចូលរួមផ្សេងទៀតរួមមានបុគ្គលសំខាន់មកពីក្រុមហ៊ុនធំៗទាំងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ, វិស័យកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ ផងដែរ។ ដោយឡែក លោក Chuck Robbins អគ្គនាយកក្រុមហ៊ុន Cisco មិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ ដោយសារជាប់រវល់ក្នុងការប្រកាសរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ក្រុមហ៊ុនក្នុងសប្តាហ៍នេះ។

សហរដ្ឋអាមេរិក និងចិន ត្រូវបានរំពឹងថានឹងព្រមព្រៀងគ្នាបង្កើតវេទិកាសម្រាប់សម្របសម្រួលការវិនិយោគ និងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ ចំណុចសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សារួមមាន៖

* ការបញ្ជាទិញទំនិញ៖ ភាគីចិនត្រូវបានគេរំពឹងថានឹងប្រកាសអំពីការទិញយន្តហោះពីក្រុមហ៊ុន Boeing ក៏ដូចជាផលិតផលកសិកម្ម និងថាមពលពីសហរដ្ឋអាមេរិក។
* បទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម៖ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការបន្តសុពលភាពនៃបទឈប់បាញ់ ដែលអនុញ្ញាតឱ្យមានការនាំចេញរ៉ែកម្រ (Rare Earth Minerals) ពីចិនមកកាន់សហរដ្ឋអាមេរិក បន្ទាប់ពីមានភាពតានតឹងកន្លងមក។
* ការនាំចេញបន្ទះឈីប AI៖ ទាក់ទងនឹងការនាំចេញបន្ទះឈីប AI ប្រភេទ H200 របស់ក្រុមហ៊ុន Nvidia រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានឱ្យដឹងថា ទោះបីជាមានការព្រមព្រៀងឱ្យនាំចេញក៏ដោយ ប៉ុន្តែការលក់ពិតប្រាកដមិនទាន់កើតឡើងនៅឡើយ ដោយសារបញ្ហានីតិវិធីច្បាប់នៅក្នុងប្រទេសចិន។

គួរជម្រាបថា ជំនួបចុងក្រោយរវាងលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping បានប្រព្រឹត្តទៅកាលពីខែតុលា នៅប្រទេសកូរ៉េខាងត្បូង ដែលកាលនោះមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា «ផ្អាក» សង្គ្រាមពាណិជ្ជកម្មដ៏តានតឹង ដែលធ្លាប់មានការដំឡើងពន្ធនាំចូលយ៉ាងខ្លាំង និងការគំរាមកំហាត់លើការផ្គត់ផ្គង់រ៉ែកម្រជាសកល។ ដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងមហាអំណាចទាំងពីរឱ្យមានភាពប្រសើរឡើងវិញ៕