NOCC នាំយកថវិកាបានពីរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ៥ពាន់ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

12-05-2026 13:47

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននាំយកថវិកាសប្បុ​រសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ ចំនួន ៥ពាន់ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ពិធីទទួល-ទទួលអំណោយសប្បុរសធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាសកម្មភាពប្រចាំឆ្នាំ ស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាល់ទិវារត់ប្រណាំងនានា ត្រូវផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ សម្រាប់ជួយដល់ការងារមនុស្សធម៌ និងសង្គមផ្សេងៗ ពិសេសគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់កុមារកម្ពុជាតែម្ដង។

ជាមួយគ្នាលោកស្រី ប៉ែន សុបភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការខ្នះខ្នែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា និងកម្មវិធីរត់នានា ដែលតែងកៀគរថវិកាសម្រាប់ជួយគាំទ្រមូលនិធីគន្ធបុប្ផាកម្ពុជា និងការងារសង្គមផ្សេងៗ។

ដោយទទួលបានរបាយការណ៍ពីការធ្លាក់ចុះក្នុងត្រីមាសទី១ សម្រាប់ឆ្នាំ២០២៦ មិនអាចឆ្លើយតបនឹងការចំណាយលើការព្យាបាលកុមារកម្ពុជា លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចុះឈ្មោះចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ឲ្យបានច្រើន ដើម្បីរួមចំណែកជួយគាំទ្រមូលនិធិនេះបន្ថែមទៀត។

គួររំឮកថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ កាលពីឆ្នាំ២០២៥ គឺមានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់បានចូលរួម ហើយរាល់ថវិកាទទួលបានពីការចុះឈ្មោះ ព្រមទាំងការឧបត្ថម្ភផ្ទាល់របស់សប្បុរសជន និងក្រុមហ៊ុនឯកជននានា នឹងត្រូវរៀបចំបែងចែកបរិច្ចាគជួយដល់មូលនិធិកុមារ មន្ទីរពេទ្យ និងអង្គការមនុស្សធម៌មួយចំនួន ជារៀងរាល់ឆ្នាំផងដែរ៕