យល់ដឹងកីឡា៖ Ronaldo, Modric និង Dzeko ក្នុងនាមកីឡាករវ័យ ៤០ឆ្នាំឡើង ត្រៀមលេងនៅ World Cup 2026

12-05-2026 15:12

(បរទេស)៖ ទាំងកីឡាករ Cristiano Ronaldo, Luka Modric និង Edin Dzeko សុទ្ធតែមានវ័យ ៤០ឆ្នាំឡើងទៅដូចគ្នា ក្នុងការត្រៀមបង្ហាញខ្លួននៅ FIFA World Cup 2026 នាខែក្រោយនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើ Modric វ័យ ៤០ឆ្នាំ ដែលកំពុងប្រកបអាជីពក្នុងក្លិប AC Milan នៅពេលខ្សែប្រយុទ្ធ Edin Dzeko វ័យ ៤០ឆ្នាំរបស់បូស្នីលេងនៅក្លិប Schalke នៃក្របខណ្ឌទី២ អាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅ World Cup 2026។

ទន្ទឹមគ្នានោះដែរ ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ Ronaldo វ័យ ៤១ឆ្នាំមកពីក្លិប Al-Nassr ក៏ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅ WC26 ក្នុងរយៈពេលមិនដល់ ១ខែខាងមុខនេះដែរ។

នេះមានន័យថា ពួកគេត្រៀមបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Roger Milla ដែលបានលេងនៅ World Cup 1994 បន្ទាប់ពីកីឡាកររបស់កាមេរូនរូបនេះមានវ័យលើសពី ៤០ឆ្នាំ និងក៏រកបានគ្រាប់បាល់ទៀតផង។

កន្លងមកមានកីឡាករចាំទីដល់ទៅ ៦នាក់ឯណោះ ដែលមានវ័យលើសពី ៤០ឆ្នាំបង្ហាញខ្លួននៅ World Cup ដោយរួមមាន Essam el Hadary របស់អេហ្ស៊ីប វ័យ ៤៥ឆ្នាំលេងនៅ World Cup 2018, Fary Mondragon របស់កូឡុំប៊ី, Pat Jennings របស់អៀរឡង់ខាងជើង, Peter Shilton របស់អង់គ្លេស, Dino Zoff របស់អ៉ីតាលី និង Ali Boumnijel របស់ទុយនេស៊ី៕