Emirates នៅតែជាក្រុមហ៊ុនអាកាសចរណ៍ មានប្រាក់ចំណេញខ្លាំងជាងគេបំផុតលើពិភពលោក រហូតដល់ទៅ ៦៦០០លានដុល្លារ នៅឆ្នាំ២០២៥-២០២៦

12-05-2026 15:35

(ភ្នំពេញ)៖ សម្ព័ន្ធក្រុមហ៊ុន Emirates Group បានចេញរបាយការណ៍ប្រចាំឆ្នាំ ២០២៥-២០២៦ របស់ខ្លួន ដោយសម្រេចបាននូវប្រាក់ចំណេញ ប្រាក់ចំណូល និងសមតុល្យសាច់ប្រាក់ក្នុងកម្រិតកំណត់ត្រាថ្មី បើទោះបីជាជួបមានបញ្ហារអាក់រអួល និងបញ្ហាប្រឈមក្នុងរយៈពេល ១២ ខែ នៃការិយបរិច្ឆេទហិរញ្ញវត្ថុរបស់ខ្លួនក្ដី ។

នៅក្នុងរបាយការណ៍នេះក៏បានលើកឡើងពីក្រុងសៀមរាប ថាជាគោលដៅធ្វើដំណើរថ្មីមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates ព្រមជាមួយទីក្រុងដាណាង ហាំងចូវ និងសិនជិន។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្ថែមសេវាកម្មផ្សេងៗ សម្រាប់គោលដៅហោះហើរដែលមានស្រាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា បណ្តាញជើងហោះហើរសាកលរបស់អាកាសចរណ៍ Emirates បានគ្របដណ្តប់លើទីក្រុងចំនួន ១៥២ នៅក្នុងប្រទេសចំនួន ៨០។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានពង្រីកភាពជាដៃគូប្រើកូដហោះហើររួមគ្នា (Codeshare) រហូតដល់ទៅ ៣២ ដៃគូ និងដៃគូភ្ជាប់បណ្ដាញហោះហើរនិងលក់សំបុត្ររួមគ្នា (Interline) រហូតដល់ទៅ ១១៧ ដៃគូ ដែលទាំងអស់នេះជួយឱ្យអតិថិជនអាចហោះហើរទៅកាន់ទីក្រុងជាង ១.៧០០ កន្លែង បន្ថែមលើបណ្ដាញហោះហើររបស់ខ្លួន ។

សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលបិទបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ Emirates មានរបាយការណ៍ដូចតទៅ៖
* ប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើងក្នុងកម្រិតកំណត់ត្រា គឺមានទំហំទឹកប្រាក់ ២៤,៤ ពាន់លានឌីរ៉ាមអេមរ៉េត (៦៦០០ លានដុល្លារសហរដ្ឋអាមេរិក) ដែលកើនឡើង ៧% ធៀបនឹងឆ្នាំមុន ហើយអត្រាភាគរយនៃប្រាក់ចំណេញមុនបង់ពន្ធនេះ គឺស្មើនឹង ១៦,២%

* ប្រាក់ចំណូលក្នុងកម្រិតកំណត់ត្រា មានទំហំទឹកប្រាក់ ១៥០,៥ ពាន់លានឌីរ៉ាមអេមីរ៉េត (៤១ ពាន់លានដុល្លារអាមេរិក) កើនឡើង ៣% ធៀបនឹងលទ្ធផលពីឆ្នាំមុន ។
* សាច់ប្រាក់កើនឡើងក្នុងកម្រិតកំណត់ត្រា ដោយមានទំហំ ៥៩,៦ ពាន់លានឌីរ៉ាមអេមីរ៉េត (១៦,២ ពាន់លានដុល្លារ) ដែលកើនឡើង ១២% ធៀបនឹងឆ្នាំមុន ។

* ប្រាក់ចំណេញមុនបង់ពន្ធ ការប្រាក់ និង រំលោះ (EBITDA) មានទំហំទឹកប្រាក់ ៤១,១ ពាន់លានឌីរ៉ាមអេមីរ៉េត (១១,២ ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃលទ្ធភាពចំណេញពីប្រតិបត្តិការ

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺនៅតែរក្សាតំណែងរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ទទួលប្រាក់ចំណេញខ្លាំងជាងគេបំផុតលើពិភពលោក ដោយមានរបាយការណ៍ដូចតទៅ៖

* ប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើងក្នុងកម្រិតកំណត់ត្រា គឺមានទំហំទឹកប្រាក់ ២២,៨ ពាន់លានឌីរ៉ាមអេមីរ៉េត (៦២០០ លានដុល្លារសហរដ្ឋអាមេរិក) ដែលកើនឡើង ៧% ធៀបនឹងឆ្នាំមុន ហើយអត្រាភាគរយនៃប្រាក់ចំណេញមុនបង់ពន្ធនេះគឺស្មើនឹង ១៧,៤%

* ប្រាក់ចំណូលក្នុងកម្រិតកំណត់ត្រា មានទំហំទឹកប្រាក់ ១៣០,៩ ពាន់លានឌីរ៉ាមអេមីរ៉េត (៣៥,៧ ពាន់លានដុល្លារអាមេរិក) កើនឡើង ២% ធៀបនឹងលទ្ធផលពីឆ្នាំមុន ។
* សាច់ប្រាក់កើនឡើងក្នុងកម្រិតខ្ពស់បំផុត ដោយមានទំហំ ៥៤,៩ ពាន់លានឌីរ៉ាមអេមីរ៉េត (១៥ ពាន់លានដុល្លារ) ដែលកើនឡើង ១០% ធៀបនឹងឆ្នាំសារពើពន្ធមុនដែលបិទនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ។

ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Emirates និងសម្ព័ន្ធក្រុមហ៊ុន Emirates មានបន្ទូលថា៖ “លទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះ បើទោះបីជាមានបញ្ហាប្រឈមសំខាន់ៗនៅក្នុងខែចុងក្រោយនៃការិយបរិច្ឆេទហិរញ្ញវត្ថុរបស់យើងក៏ដោយ សបញ្ជាក់ឱ្យឃើញជាថ្មីពីភាពរឹងមាំ និងភាពធន់នៃគំរូអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Emirates ដែលចា់ឫសចាក់គល់ផ្នែកសុវត្ថិភាព ឧត្តមភាព នវានុវត្តន៍ ធនធានមនុស្ស និងភាពជាដៃគូ។

សម្រាប់រយៈពេល ១១ ខែនៃឆ្នាំសារពើពន្ធ ២០២៥-២០២៦ ទិដ្ឋភាពទូទាំងសម្ព័ន្ធក្រុមហ៊ុនទាំងមូលគឺមានភាពវិជ្ជមានខ្លាំងណាស់។ តម្រូវការខ្ពស់សម្រាប់ផលិតផល និងសេវាកម្មរបស់យើងកំពុងជំរុញកំណើនប្រាក់ចំណូល ហើយយើងសម្រេចបានប្រាក់ចំណេញល្អប្រសើរ ដោយសារការវិនិយោគជាប់លាប់លើផលិតផល ធនធានមនុស្ស បច្ចេកវិទ្យា និងម៉ាកយីហោ។ ពីមួយខែទៅមួយខែ យើងសម្រេចបានលទ្ធផលលើសគោលដៅយើងបានកំណត់។

នៅថ្ងៃទី ២៨ ខែកុម្ភៈ សកម្មភាពយោធាបានរំខានយ៉ាងខ្លាំងដល់អាជីវកម្មចរាចរណ៍ផ្លូវអាកាសជាសកលនៅក្នុងតំបន់ឈូងសមុទ្រពែក្ស រួមទាំងនៅអារ៉ាប់រួមផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Emirates និង dnata បានសម្រុកប្រមូលផ្តុំកៀរគរធនធានដើម្បីជួយគាំទ្រដល់បុគ្គលិក និងអតិថិជនដែលរងផលប៉ះពាល់ ការពារទ្រព្យសម្បត្តិរបស់យើង និងធានាបាននូវចីរភាពរបស់អាជីវកម្ម។

យើងមានសំណាងណាស់ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ពីព្រោះទីក្រុងនេះមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏ស៊ីសង្វាក់គ្នា បានអនុញ្ញាតឱ្យរដ្ឋាភិបាលស្វែងរកបាននូវច្រករបៀងសុវត្ថិភាពយ៉ាងឆាប់រហ័សសម្រាប់ជើងហោះហើរផ្នែកពាណិជ្ជកម្ម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates និង dnata បានស្តារប្រតិបត្តិការឡើងវិញបន្តិចម្តងៗនៅ DXB។ ទោះបីជាយើងធ្វើប្រតិបត្តិការក្នុងកម្រិតទាបជាងសមត្ថភាពក្នុងការដឹកអ្នកដំណើរ បើធៀបនឹងមុនពេលសង្គ្រាមក្ដី ប៉ុន្តែប្រតិបត្តិការដឹកទំនិញបានកើនឡើងដើម្បីគាំទ្រដល់ចលនាដឹកជញ្ជូនទំនិញសំខាន់ៗចូលទៅក្នុង និងឆ្លងកាត់ប្រទេសអារ៉ាប់រួម។

ព្រះអង្គម្ចាស់ Sheikh Ahmed មានបន្ទូលបន្ថែមថា៖ «សម្ព័ន្ធក្រុមហ៊ុន Emirates ធ្លាប់បានហែលឆ្លងវិបត្តិ និងព្រឹត្តិការណ៍រំខានពីមុនៗមក។ រាល់ពេល យើងផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជន និងបុគ្គលិករបស់យើង ហើយរាល់ពេល យើងបានងើបឡើងវិញប្រកបដោយភាពរឹងមាំជាងមុន។បុគ្គលិករបស់យើងជាផ្នែកដ៏ធំមួយនៃភាពជោគជ័យរបស់យើង ដែលផ្ដល់លទ្ធភាពឱ្យយើងឆ្លើយតបទៅនឹងបញ្ហានានាដោយភាពរហ័សរហួននៅក្នុងបរិយាកាសប្រតិបត្តិការប្រកបដោយភាពស្វាហាប់។

ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់របស់យើង ពីព្រោះពួកគាត់ពិតជាបានបង្ហាញឱ្យឃើញពីគុណវុឌ្ឍិ ដែលធ្វើឱ្យសម្ព័ន្ធក្រុមហ៊ុន Emirates ឆ្លងកាត់បានរាល់ពេលលំបាក។
ខ្ញុំសូមថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ Sheikh Mohamed bin Rashid Al Maktoum និងបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Sheikh Hamdan និងព្រះអង្គម្ចាស់ Sheikh Maktoum ចំពោះការគ្រប់គ្រងទីក្រុងឌូបៃ និងការគាំទ្រឥតងាករេចំពោះវិស័យអាកាសចរណ៍»។

សម្ព័ន្ធ ក្រុមហ៊ុន Emirates មានមោទនភាពក្នុងការចូលរួមចំណែកដល់យុទ្ធសាស្ត្ររបស់ក្រុងឌូបៃក្រោមការដឹកនាំរបស់ព្រះអង្គ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូក្នុងប្រព័ន្ធអេកូឡូស៊ីទាំងអស់របស់យើង ដែលជួយឲ្យវិស័យអាកាសចរណ៍ពិភពលោកបន្តដំណើរការទៅមុខ។ កិច្ចសហការ និងសាមគ្គីភាពរបស់ពួកគាត់គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងឆ្លុះបញ្ចាំងពីស្មារតីនៃភាពជាដៃគូ ដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន Emirates។

ក្នុងឆ្នាំ ២០២៥-២៦ សម្ព័ន្ធក្រុមហ៊ុនបានវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១៧,៩ ពាន់លានឌីរ៉ាមអេមីរ៉េត (៤,៩ ពាន់លានដុល្លារអាមេរិក) លើយន្តហោះថ្មី គ្រឿងបរិក្ខារ ឧបករណ៍ និងបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត ដើម្បីគាំទ្រដល់ផែនការកំណើនរបស់ខ្លួន។

កម្លាំងពលកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុន បានកើនឡើង ៨% ដោយសព្វថ្ងៃមានបុគ្គលិកនិយោជិតរហូតដល់ទៅ ១៣០.៩១៩ នាក់ ។
ទាក់ទងនឹងការសំឡឹងទៅឆ្នាំ ២០២៦-២៧ ព្រះអង្គម្ចាស់ Sheikh Ahmed មានបន្ទូលថា «ឥឡូវនេះ សកម្មភាពយោធារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ត្រូវបានផ្អាកក្រោមកិច្ចព្រមព្រៀងឈប់បាញ់។ យើងសង្ឃឹមថានឹងមានដំណោះស្រាយច្បាស់លាស់ចំពោះអរិភាពទាំងអស់ក្នុងពេលឆាប់ៗនេះ និងហើយទីផ្សារវិលត្រឡប់ទៅរកស្ថិរភាពវិញ។ ប៉ុន្តែក្នុងពេលនេះ យើងក៏មិនអង្គុយនៅស្ងៀមនោះដែរ»

បើនិយាយពីប្រេងវិញ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានត្រៀមការពារយ៉ាងល្អរហូតដល់ឆ្នាំ ២០២៨-២៩ ហើយយើងបានធ្វើការជាមួយអ្នកផ្គត់ផ្គង់របស់យើង ដើម្បីធានាបរិមាណដែលត្រូវការ សម្រាប់គាំទ្រដល់ប្រតិបត្តិការបច្ចុប្បន្ន និងសម្រាប់ការពង្រីកខ្លួនរបស់យើងឱ្យបានដល់កម្រិតមុនពេលមានផ្ទុះសង្គ្រាម។ នៅ dnata និងនៅទូទាំងសម្ព័ន្ធក្រុមហ៊ុនទាំងមូល លំហូរអាជីវកម្ម មាត្រដ្ឋាន ផលប័ត្រ និងការវិនិយោគជាច្រើនឆ្នាំមកនេះ ផ្តល់ឱ្យយើងនូវភាពធន់ និងភាពរហ័សរហួនក្នុងការដោះស្រាយរាល់បញ្ហាប្រឈមណាមួយក្នុងរយៈពេលខ្លី។

សម្ព័ន្ធក្រុមហ៊ុន Emirates បោះជំហានចូលឆ្នាំសារពើពន្ធ ២០២៦-២៧ ជាមួយនឹងទុនបម្រុងសាច់ប្រាក់រឹងមាំ ដែលផ្ដល់លទ្ធភាពឱ្យយើងអាចដើរទៅមុខតាមផែនការ ដើម្បីពង្រឹងអាជីវកម្មរបស់យើងដោយមិនចាំបាច់មានវិធានការគ្រប់គ្រងចំណាយខ្វះការប្រុងប្រយ័ត្ននោះទេ។ ការទទួលយន្តហោះថ្មី និងកម្មវិធីកែលម្អយន្តហោះ ក៏ដូចជាគម្រោងវិនិយោគលើបរិក្ខារ និងឧបករណ៍ថ្មីៗនឹងបន្តដំណើរការយ៉ាងឆាប់រហ័ស។ សម្ព័ន្ធក្រុមហ៊ុន Emirates និង dnata នឹងនៅតែផ្តោតលើការផ្តល់ជូនផលិតផល និងសេវាអតិថិជនឈានមុខគេក្នុងឧស្សាហកម្ម ដោយធ្វើឱ្យយើងមានភាពខុសប្លែកពីគេនៅលើឆាកសកល ទាក់ទាញមនុស្សមានទេពកោសល្យល្អបំផុត និងផ្តល់គុណតម្លៃដល់សហគមន៍ដែលយើងធ្វើការជាមួយ។

មូលដ្ឋានគ្រឹះរបស់យើងគឺរឹងមាំ។ គំរូអាជីវកម្មរឹងមាំរបស់សម្ព័ន្ធក្រុមហ៊ុន Emirates មិនមានការផ្លាស់ប្ដូរទេ។ តំណែងរបស់ទីក្រុងឌូបៃ ជាចំណុចប្រសព្វនៃការធ្វើពាណិជ្ជកម្ម ជួញដូរ និងលំហូរទេសចរណ៍សកល ក៏មិនប្រែប្រួលដែរ។ មហិច្ឆតារបស់យើងចង់ក្លាយជាក្រុមហ៊ុនល្អបំផុតនៅលើពិភពលោក និងបម្រើសេវាល្អបំផុតដល់ពិភពលោក គឺនៅតែដដែល។

សមត្ថភាពដឹកអ្នកដំណើរ និងដឹកទំនិញសរុបរបស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានកើនឡើង ១% គឺកើនដល់ ៦០,៦ ពាន់លាន ATKM ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានពង្រីកចំនួនយន្តហោះដឹកអ្នកដំណើររបស់ខ្លួន ដោយទទួលបានការប្រគល់យន្តហោះប្រភេទ Airbus A350 ចំនួន ១៥ គ្រឿងនៅឆ្នាំនេះ។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Emirates មានយន្តហោះ A350 ចំនួន ១៩ គ្រឿង សម្រាប់បម្រើការហោះហើរទៅកាន់គោលដៅចំនួន ២១ កន្លែង។
ដោយសារតែតម្រូវការច្រើននៃការធ្វើដំណើរ និងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍យើងក្នុងការទទួលបានការពេញចិត្តពីអតិថិជនតាមរយៈបណ្តាញហោះហើររឹងមាំ ផលិតផល និងសេវាកម្មមានគុណភាពខ្ពស់ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ Emirates ទទួលបានប្រាក់ចំណេញក្រោយកាត់ពន្ធ ក្នុងកម្រិតកំណត់ត្រា រហូតដល់ទៅ ១៩,៧ ពាន់លានឌីរ៉ាមអេមីរ៉េត (៥,៤ ពាន់លានដុល្លារអាមេរិក) ដែលលើសពីឆ្នាំមុន ដែលទទួលបានប្រាក់ចំណេញក្រោយកាត់ពន្ធ ចំនួន ១៩,១ ពាន់លាន ឌីរ៉ាមអេមីរ៉េត (៥,២ ពាន់លានដុល្លារអាមេរិក) ហើយកម្រិតប្រាក់ចំណេញសុទ្ធគឺបានកើនឡើង ១៥%។ នេះជាប្រាក់ចំណេញខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍យើង និងនៅក្នុងឧស្សាហកម្មអាកាសចរណ៍ទាំងមូលសម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២៦។

របាយការណ៍ប្រចាំឆ្នាំ ២០២៥-២៦ របស់សម្ព័ន្ធក្រុមហ៊ុន Emirates ដែលមានក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុន dnata និងក្រុមហ៊ុនជាច្រើនទៀតជាបុត្រសម្ព័ន្ធនោះ មានចុះផ្សាយនៅទីនេះ www.theemiratesgroup.com/annualreport
តួលេខទឹកប្រាក់ជាប្រាក់ដុល្លារសហរដ្ឋអាមេរិកត្រូវបានប្ដូរក្នុងអត្រា ១ ដុល្លារអាមេរិក = ៣,៣៦ ឌីរ៉ាមអេមីរ៉េត ហើយផ្អែកទៅតាមតួលេខទឹកប្រាក់ឌីរ៉ាមអេមីរ៉េត ដែលគិតគត់ៗជាខ្ទង់លាន ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕