OpenAI និង Microsoft ចរចាកិច្ចសន្យាថ្មី៖ កំណត់កម្រិតបែងចែកចំណូល ៣៨ ពាន់លានដុល្លារ ដើម្បីបើកផ្លូវរកដៃគូថ្មី

12-05-2026 15:47

(បរទេស)៖ យោងតាមរបាយការណ៍ពីសារព័ត៌មាន The Information ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI និង Microsoft បានឈានដល់ការព្រមព្រៀងថ្មីមួយដោយកំណត់កម្រិតនៃការបែងចែកប្រាក់ចំណូលសរុបត្រឹមចំនួន ៣៨ ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានការចរចាកិច្ចសន្យាឡើងវិញ ដើម្បីផ្ដល់ឱកាសឱ្យ OpenAI អាចចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Amazon និង Google ដែលជាគូប្រជែងរបស់ Microsoft។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ការកំណត់កម្រិតទឹកប្រាក់ទូទាត់នេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ OpenAI ក្នុងការបង្ហាញពី «ភាពរឹងមាំរយៈពេលវែងទៅកាន់វិនិយោគិន»។ តាមប្រភពដដែល ថ្នាក់ដឹកនាំមួយចំនួនរបស់ OpenAI បានបង្ហើបថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ការបោះទុនលក់មូលបត្រជាសាធារណៈ (IPO) ដែលអាចនឹងកើតឡើងយ៉ាងឆាប់បំផុតនៅត្រឹម «ចុងឆ្នាំនេះ»

ទោះបីជាមានការកែសម្រួលកិច្ចសន្យាក៏ដោយ ក៏ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនៅតែរឹងមាំ។ Microsoft បានបញ្ជាក់ថា ការបែងចែកប្រាក់ចំណូលនឹងបន្តរហូតដល់ឆ្នាំ ២០៣០ តាមភាគរយដែលបានព្រមព្រៀងគ្នាពីមុន។ គួររំលឹកថា ចាប់តាំងពីឆ្នាំ ២០១៩ មក Microsoft បានវិនិយោគទឹកប្រាក់ប្រមាណ ១៣ ពាន់លានដុល្លារ ដែលជាកម្លាំងចលករជួយឱ្យ OpenAI ក្លាយជាអ្នកដឹកនាំក្នុងពិភព AI និងជួយឱ្យអាជីវកម្ម Azure Cloud របស់ Microsoft រីកចម្រើនយ៉ាងខ្លាំង។

គួរជម្រាបថា​ ការសម្រេចចិត្តនេះគឺជាជំហានថ្មីមួយរបស់ OpenAI ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយក្នុងវិស័យបច្ចេកវិទ្យា ខណៈពេលដែលនៅតែរក្សាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកវិនិយោគដំបូងរបស់ខ្លួន៕