ធនាគារ ABA ស្ថិតក្នុងចំណោមសហគ្រាសបង់ពន្ធច្រើនជាងគេ ប្រចាំឆ្នាំ២០២៥ ក្នុងលិខិតសរសើររបស់នាយករដ្ឋមន្រ្តី

12-05-2026 16:49

(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា បានទទួលលិខិតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកោតសរសើរសម្រាប់ការរួមចំណែកដ៏សំខាន់របស់ធនាគារ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេបំផុតទី៥ ក្នុងឆ្នាំ២០២៥។

ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារក្នុងអភិបាលកិច្ចពន្ធសាជីវកម្ម ប្រកបដោយតម្លាភាព និងការអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា។

តាមរយៈការបំពេញ និងការអនុវត្តលើសស្តង់ដារជាតិជាបន្តបន្ទាប់ ABA បានបង្ហាញពីតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងនាមជាសហគ្រាសដែលមានការទទួលខុសត្រូវខ្ពស់ និងជាដៃគូជាទីទុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក-លោកស្រី នាយកធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២៥។

ការបំពេញកាតព្វកិច្ចបង់ពន្ធ របស់សហគ្រាសលោក-លោកស្រី គឺជាការរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ ការអភិវឌ្ឍនិងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា»

ការទទួលស្គាល់នេះ ក៏បានផ្អែកលើកំណត់ត្រាដ៏ល្អប្រសើរ នៃការអនុលោមភាពរបស់ធនាគារ ABA ផងដែរ។ កាលពីពេលថ្មីៗនេះ ធនាគារទទួលបាន វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពី អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំជាប់ពន្ធ២០២៥-២០២៦។ នេះជាវិញ្ញាបនបត្រទីបី ជាប់ៗគ្នា របស់ ABA ដែលគូសបញ្ជាក់ពីឧត្តមភាព របស់ធនាគារក្នុងការអនុលោមតាមបទប្បញ្ញត្តិពន្ធដារ៕