ក្រុមហ៊ុន JTI កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១០ ជាអ្នកបង់ពន្ធផ្ទៃក្នុងជូនរដ្ឋច្រើនជាងគេ ក្នុងប្រទេសកម្ពុជា

12-05-2026 16:51

(ភ្នំពេញ)៖ ក្រុមហ៊ុន JT International (Cambodia) Co. Ltd, ហៅកាត់ថា «JTI កម្ពុជា» ដែលជាក្រុមហ៊ុនជប៉ុនថ្នាំជក់អន្តរជាតិឈានមុខគេក្នុងឧស្សាហកម្មថ្នាំជក់ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ការទទួលស្គាល់ជាផ្លូវការថា ជាសហគ្រាសបង់ពន្ធផ្ទៃក្នុងជូនរដ្ឋច្រើនជាងគេ ចំណាច់ថ្នាក់លេខ ១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ឆ្នាំ២០២៥។

នេះជាលើកទី៣ ដែលក្រុមហ៊ុន JTI កម្ពុជា ទទួលបានការទទួលស្គាល់ថ្នាក់ជាតិ សម្រាប់ការរួមចំណែកក្នុងការបង់ពន្ធ ដោយក្រុមហ៊ុនបានឈានដល់ចំណាត់ថ្នាក់ទី២២ នៅឆ្នាំ២០២០ និងទី៣៤ នៅឆ្នាំ២០២២ មុនពេលឡើងដល់ចំណាត់ថ្នាក់ទី១០ នៅឆ្នាំ២០២៥។ ការទទួលស្គាល់នេះបង្ហាញពីការអនុវត្តតាមច្បាប់សារពើពន្ធយ៉ាងម៉ឺងម៉ាត់ និងតួនាទីរួមចំណែករបស់ក្រុមហ៊ុន JTI កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បាននិយាយថា «យើងមានកិត្តិយសយ៉ាងធំធេញក្នុងការទទួលបានការកោតសរសើរនេះពីរាជរដ្ឋាភិបាលកម្ពុជា។ JTI កម្ពុជា ជាក្រុមហ៊ុនជប៉ុនដែលគោរពច្បាប់យ៉ាងមធ្យ័ត យើងនឹងបន្តការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេស តាមរយៈការបន្តប្រតិបត្តិការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូ ដើម្បីការរីកចម្រើន»

ក្រុមហ៊ុន JTI កម្ពុជា បានកសាងប្រវត្តិនៃការទទួលស្គាល់ដ៏លេចធ្លោពីស្ថាប័នជាតិ និងអរន្តរជាតិ គួរឲ្យកត់សម្គាល់។ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការទទួលស្គាល់ជាសារពើពន្ធចំណាត់ថ្នាក់ មាស សម្រាប់ឆ្នាំ២០២២–២០២៧ ខណៈដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានផ្តល់កិត្តិយសដល់ JTI កម្ពុជា ជាសមាជិកក្រុមធុរៈជនល្អបំផុត និង ជាប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត។ នៅក្នុងឆ្នាំ២០២៤ ក្រសួងបរិស្ថានបានផ្តល់ «វិញ្ញាបនប័ត្រមេត្រី បរិស្ថាន» ដល់ក្រុមហ៊ុនសម្រាប់ការប្តេជ្ញាចិត្តក្នុងការអភិរក្ស និងការពារបរិស្ថាន។ បន្ថែមពីនេះ នៅឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ចំណាត់ថ្នាក់ មាស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដល់ក្រុមហ៊ុន JTI កម្ពុជា ។ នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន JTI កម្ពុជា គឺជាក្រុមហ៊ុនដំបូង និងតែមួយគត់នៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា និយោជកឆ្នើម រយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដោយស្ថាប័ន Top Employer នៅប្រទេសហូឡង់—កិត្តិយសនេះបង្ហាញពីការអនុវត្តល្អបំផុតសម្រាប់បុគ្គលិក និងស្តង់ដារការងារដែលមានកម្រិតពិភពលោក។

ក្រៅពីការទទួលស្គាល់ និងពានរង្វាន់ទាំងនេះ ក្រុមហ៊ុន JTI កម្ពុជា ក៏ចូលរួមចំណែកនៅក្នុងការជួយសង្គម តាមរយៈការការងារមនុស្សធម៌ និងសង្គមកិច្ចលើសពី ២ លានដុល្លារអាមេរិក ក្នុងគម្រោងសង្គម ដូចជា ការជួយសង្គ្រោះជនភៀសសឹករងគ្រោះដោយសង្គ្រាមព្រំដែនកម្ពុជា ថៃ ការដាំព្រៃឈើឡើងវិញ ការតំឡើងភ្លើងសូឡាបំភ្លឺផ្លូវ ការផ្តល់ប៉ម និងស្ថានីយ៍ទឹកស្អាត ការផ្តល់ផ្ទះសម្រាប់ជនក្រីក្រ និងកម្មវិធីគាំទ្រដល់មនុស្សពិការជាដើម។ បុគ្គលិករបស់ ក្រុមហ៊ុន JTI កម្ពុជា ក៏បានធ្វើការស្ម័គ្រចិត្ត ដោយប្រើពេលវេលាជាច្រើន ដើម្បីគាំទ្រគម្រោងទាំងនេះផងដែរ។

ក្រុមហ៊ុន JTI កម្ពុជា គឺជាក្រុមហ៊ុនថ្នាំជក់ និងបារីអេឡិចត្រូនិចអន្តរជាតិឈានមុខគេ ដែលលក់ផលិតផលនៅជាង ១៣០ ប្រទេស និងមានបុគ្គលិកជាង ៤៨ ០០០នាក់ នៅក្នុងជាង ៧០ ប្រទេស។ ក្រុមហ៊ុន JTI កម្ពុជា ជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន JT Group។

នៅកម្ពុជា ក្រុមហ៊ុន JTI កម្ពុជា ចែកចាយម៉ាកថ្នាំជក់ល្បីៗ លំដាប់សកលលោកដូចជាបារី Mevius និង Winston ហើយមានបុគ្គលិកប្រហែល៤៥០នាក់៕