នៅពេលអ្នកមើល Netflix គឺ Netflix ក៏កំពុងមើលអ្នកដែរ៖ រដ្ឋតិចសាស់ប្ដឹងក្រុមហ៊ុនយក្សនេះពីបទលួចយកទិន្នន័យកុមារ

13-05-2026 08:11

(បរទេស)៖ អគ្គមេធាវីរដ្ឋតិចសាស់ លោក Ken Paxton បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Netflix ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានលួចតាមដាន និងប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសគឺកុមារ ដោយគ្មានការយល់ព្រម។ ក្នុងពាក្យបណ្ដឹងបានសង្កត់ធ្ងន់ថា Netflix បានប្រើប្រាស់ល្បិចបច្ចេកទេស «លំនាំងងឹត (Dark patterns)» និងមុខងារចាក់វីដេអូដោយស្វ័យប្រវត្តិ (Autoplay) ដើម្បីធ្វើឱ្យអ្នកមើលជក់ជំពាក់ដកខ្លួនមិនរួច រួចហើយលួចយកទម្លាប់នៃការទស្សនាទាំងនោះទៅលក់ឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីរកចំណូលបានរាប់ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ខ្លឹមសារនៃពាក្យបណ្ដឹងបានរៀបរាប់យ៉ាងច្បាស់ថា៖ «គោលដៅរបស់ Netflix គឺសាមញ្ញតែចំណេញច្រើន៖ ធ្វើឱ្យកុមារ និងក្រុមគ្រួសារជក់ជិតនឹងអេក្រង់ រួចប្រមូលផលពីទិន្នន័យរបស់ពួកគេ»។ លោក Paxton បានបន្ថែមដោយពាក្យសម្ដីយ៉ាងមុតស្រួចថា «នៅពេលអ្នកមើល Netflix គឺ Netflix ក៏កំពុងមើលអ្នកដូចគ្នា» ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ការពារអ្នកប្រើប្រាស់ និងឯកជនភាព។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Netflix បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថាវាជាព័ត៌មាន «មិនត្រឹមត្រូវ និងមានការបំភាន់»។ ក្រុមហ៊ុនបានអះអាងថា ខ្លួនតែងតែគោរពច្បាប់ការពារទិន្នន័យយ៉ាងតឹងរ៉ឹងនៅគ្រប់ទីកន្លែងដែលខ្លួនដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ អគ្គមេធាវីរដ្ឋតិចសាស់នៅតែបន្តទាមទារឱ្យ Netflix លុបទិន្នន័យដែលប្រមូលបានដោយខុសច្បាប់ចោល និងទាមទារប្រាក់ពិន័យរហូតដល់ ១០,០០០ ដុល្លារ ចំពោះការរំលោភបំពានម្នាក់ៗ។

គួរជម្រាបថា ករណីនេះកំពុងក្លាយជាចំណុចក្ដៅក្នុងវិស័យបច្ចេកវិទ្យា ព្រោះវាបានបង្ហាញពីជម្លោះរវាងសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ និងយុទ្ធសាស្ត្ររកប្រាក់ចំណេញរបស់ក្រុមហ៊ុន Streaming លំដាប់ពិភពលោកមួយនេះ៕