តស់! គាំទ្រក្លិបកម្ពុជា ព្រះខ័នរាជស្វាយរៀង ប៉ះ Kuwait SC ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន ACGL ម៉ោង ១១៖៤៥នាទីយប់នេះ នៅរដ្ឋកូវ៉ែត

13-05-2026 08:54

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ១១៖៤៥នាទីយប់ (ម៉ោងនៅកម្ពុជា) នារាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋាន Jaber Al Ahmad International។

នេះគឺជាឱកាសប្រវត្តិសាស្ដ្ររបស់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយឡើងវគ្គផ្ដាច់ព្រ័ត្រ ២រដូវកាលជាប់គ្នា ដ្បិតកាលពីឆ្នាំមុន ក្នុងនាមក្រុមតំបន់អាស៊ីខាងកើត ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុមជើងឯកលីគកំពូលកម្ពុជា បានទទួលធ្វើម្ចាស់ផ្ទះ តែសោកស្ដាយបានត្រឹមជើងឯករង ក្រោយចាញ់ក្រុម FK Arkadag ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ការឡើងវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ ទោះបីត្រូវប្ដូរទៅទឹកដីអាស៊ីខាងលិច តែអ្នកគាំទ្រ និងភាគីពាក់ព័ន្ធ នៃវិស័យ​បាល់ទាត់ជាតិកម្ពុជា កំពុងផ្ទុះការគាំទ្រយ៉ាងផុសផុល ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងមោទនភាពជាតិ ដោយបានផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តដល់ព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យ ដើម្បីឈានទៅបើកទំព័រប្រវត្តិសាស្ដ្រឈ្នះ ក្លាយជាជើងឯកលើកដំបូង ក្នុងពានរង្វាន់អន្ដរជាតិមួយនេះ។

ជុំវិញការប្រកួតដ៏សំខាន់នេះ លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីថ្ងៃអង្គារថា ក្រុមខ្លួនត្រៀមបានយ៉ាងល្អ បន្ទាប់ពីបានធ្វើដំណើរដល់រដ្ឋកូវ៉ែតច្រើនថ្ងៃមុនការប្រកួត ។ នេះគឺជារឿងដ៏ល្អសម្រាប់ក្រុម ហើយផ្អែកលើស្មារតីក្រុម លោករំពឹងថា ក្រុមនឹអាចផ្ដល់នូវបញ្ហា ដែល Kuwait SC មិនធ្លាប់ជួបប្រទះពីមុនមក នៅក្នុងការប្រកួតនារាត្រីថ្ងៃពុធនេះ។

បន្ថែមលើនេះ ប្រធានក្រុម សឿយ វិសាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ជាមួយមិត្តរួមក្រុម ដោយនឹងព្យាយាមអស់ពីលទ្ធភាព ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មី។ វិសាល ថា «ឆ្នាំមុនយើងបានរងជើងឯក តែឆ្នាំនេះ ពួកយើងនឹងខិតខំប្រឹងប្រែង ដើម្បីឈ្នះការប្រកួត និងដើម្បីបង្កើតកំណត់ត្រាជាមួយក្រុមរបស់ពួកយើង និងប្រទេសរបស់យើង។ យើងដឹងហើយថា ឆ្នាំនេះ កីឡាកររបស់យើង សុទ្ធតែមានគុណភាព ហើយពួកគេមកទីនេះ គឺស្រែកឃ្លាននឹងការនាំយកពានត្រឡប់ទៅមាតិភូមិវិញ»

សូមរំឮកថា ក្រោយឆ្លងផុតវគ្គចែកពូល ព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់ ៤ប្រកួតទៀត ទើបឡើងវគ្គផ្ដាច់ព្រ័ត្រ ពោលគឺយកឈ្នះក្រុមរួមជាតិ ភ្នំពេញក្រោន ២ជើង ក្នុងលទ្ធផល ៦-២ នៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ និងឈ្នះក្រុម Manila Digger របស់ហ្វីលីពីន ទាំង ២ជើង ក្នុងលទ្ធផល ៤-១ នៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ផ្ទុយពីក្រុម Kuwait SC ប្រកួតតែ ២លើកប៉ុណ្ណោះ បន្ទាប់ពី​ឆ្លងផុតវគ្គចែកពូល ពោលគឺវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ យកឈ្នះក្រុម Al-Shabab របស់អូម៉ង់ ៥-៣ និងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ យកឈ្នះក្រុម Muras United របស់កៀហ្ស៊ីស៊ីស្ថាន ២-១។

សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរនេះ នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ហើយក៏នឹងមានការរៀបចំផ្ទាំង LED ដើម្បីផ្សាយបន្ដផ្ទាល់ ជូនប្រជាពលរដ្ឋបានទស្សនាជុំគ្នា នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនផងដែរ៕