គ្រឹះស្ថាន អម្រឹត ជាប់ចំណាត់ថ្នាក់ទី៧ ជាសហគ្រាសដែលបង់ពន្ធច្រើនជាងគេ និងទទួលវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២៥
13-05-2026 11:23
(ភ្នំពេញ)៖ អម្រឹត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានអាយុកាលជាង៣៥ឆ្នាំនៅកម្ពុជា មានមោទនភាព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលគ្រឹះស្ថាន អម្រឹត ទទួលបានលិខិតសរសើរ ពីរាជរដ្ឋាភិបាល ជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេ ជាប់ចំណាត់ថ្នាក់ទី៧ ប្រចាំឆ្នាំ២០២៥ និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ។
វិញ្ញាបនបត្រនេះ គឺជាសមិទ្ធផល និងកិត្តិយសដ៏ថ្លៃថ្លាដែលបង្ហាញថា អម្រឹត តែងតែប្រកាន់ភ្ជាប់នូវស្មារតីប្រុងប្រយ័ត្ន យកចិត្តទុកដាក់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ ជូនរដ្ឋបានយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងគោរព និង ប្រតិបត្តិចំពោះការអនុលោមតាមច្បាប់កម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាព។
អម្រឹត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាល សម្រាប់ការទទួលស្គាល់ និងការផ្តល់ជូនលិខិតសរសើរដ៏មានតម្លៃ ជូនដល់គ្រឹះស្ថានយើងខ្ញុំ។ យើងខ្ញុំ ប្តេជ្ញាបន្តការចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកជាចលករមិនអាចខ្វះបាន និងជាដៃគូដ៏សំខាន់របស់រដ្ឋ សម្រាប់ការអភិវឌ្ឍ និង រីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។
ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជា យើងខ្ញុំ ប្តេជ្ញាបន្តប្រតិបត្តិអាជីវកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និង ផ្តល់ផលវិជ្ជមានជូនអតិថិជន និងសង្គម ដើម្បីចូលរួមចំណែកធ្វើឲ្យវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងមូលកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តភាព។
គ្រឹះស្ថាន អម្រឹត មានអាយុកាលជាង ៣៥ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជាង៩០ម៉ឺននាក់ មានប្រតិបត្តិការអាជីវកម្ម នៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និង ផលប័ត្រប្រាក់កម្ចីជាង ១.៦ ពាន់លានដុល្លារអាមេរិក៕



