អ្នកគាំទ្របាល់ទាត់នៅចិន និងឥណ្ឌា ប្រឈមអត់បានទស្សនា World Cup 2026 ដ្បិតការចរចាទិញសិទ្ធិផ្សាយមិនទាន់ត្រូវគ្នា

13-05-2026 13:52

(បរទេស)៖ ក្រុមអ្នកគាំទ្ររាប់លាននាក់នៅចិន និងឥណ្ឌា បានកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ក្នុងការទស្សនាការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅក្នុងប្រទេសរបស់ពួកគេ ដោយសារពុំទាន់មានប្រព័ន្ធផ្សព្វផ្សាយណាមួយ ឈានដល់កិច្ចព្រមព្រៀងជាមួយ FIFA នៅឡើយ។

គួរបញ្ជាក់ផងថា World Cup ជំនាន់ទី២៣ ឆ្នាំ២០២៦ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដានោះ នៅសល់តែ ២៩ថ្ងៃទៀតប៉ុណ្ណោះចាប់ផ្តើម ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។

ទោះជាយ៉ាងណា ការទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) នឹងបន្តចរចា និងធ្វើឡើងរហូតដល់ពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះតែម្តងបើកសម្ពោធជាផ្លូវការ ពោលគឺនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា នៅប្រទេសមិចស៊ិក។

ប្រព័ន្ធផ្សព្វផ្សាយនៅចិន រួមទាំងឥណ្ឌាផងនោះបានចេញផ្សាយថា ប្រទេសទាំងពីរនេះពុំទាន់ចរចាត្រូវរ៉ូវគ្នានៅឡើយទេ ជាមួយសហព័ន្ធ FIFA ដើម្បីនាំយកមហាព្រឹតិ្តការណ៍រំជើបរំជួលនេះដល់ប្រជាជនរបស់ពួកគេបានទស្សនាកម្សាន្ត ដែលបានកំពុងខ្វែងគ្នាជាពិសេស «ខាងតម្លៃតែម្តង»។

មន្រ្តី FIFA បានថ្លែងប្រាប់ BBC ទាក់ទងនឹងបញ្ហានេះថា បានកំពុងដំណើរការ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងទំនុកចិត្ត ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងឆាប់ៗនេះដែរ។

FIFA បានដាក់តម្លៃទិញសិទ្ធិផ្សាយបន្តផ្ទាល់ដល់ទូរទស្សន៍រដ្ឋចិន China Center Television (CCTV) សម្រាប់កម្មវិធី WC26 ដែលត្រូវបានគេរាយការណ៍មកថា ៣០០លានដុល្លារ ក៏ប៉ុន្តែយោងតាមប្រភពពី Beijing Daily បានចេញផ្សាយថា ស្ថិតក្នុងតម្លៃចន្លោះពី ១២០-១៥០លានដុល្លារតែប៉ុណ្ណោះ ដែលវាក៏លើសពីផែនការចំណាយ (budget) របស់ CCTV ដែរ៕