អាថ៌កំបាំងក្រោយការលុបព័ត៌មានតេស្ត AI របស់ក្រុមហ៊ុន Google និង Microsoft ចេញពីគេហទំព័ររដ្ឋាភិបាលអាមេរិក
13-05-2026 14:23
(បរទេស)៖ មានការភ្ញាក់ផ្អើល និងចម្ងល់ជាច្រើនបានកើតឡើង បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលុបចោលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិសុខជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google, Microsoft និង xAI ចេញពីគេហទំព័រផ្លូវការរបស់ខ្លួនយ៉ាងអាថ៌កំបាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
គួររំលឹកថា កាលពីថ្ងៃទី ៥ ខែឧសភា កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា ក្រុមហ៊ុនទាំងនោះបានព្រមព្រៀងប្រគល់គំរូ AI ជំនាន់ថ្មីរបស់ខ្លួន ឱ្យអ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលធ្វើតេស្តរកចំណុចខ្សោយ និងហានិភ័យសន្តិសុខជាតិជាមុនសិន មុននឹងដាក់ឱ្យសាធារណជនប្រើប្រាស់។ ការត្រួតពិនិត្យដ៏តឹងរ៉ឹងនេះ ធ្វើឡើងក្នុងគោលបំណងការពារការយកប្រព័ន្ធ AI ដែលមានឥទ្ធិពលខ្លាំង ទៅប្រើប្រាស់ក្នុងផ្លូវខុស ដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការប្រើប្រាស់ក្នុងវិស័យយោធាដែលជាការគំរាមកំហែងដល់សន្តិសុខ។
ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលទើបតែប្រកាសបានមួយសប្តាហ៍នេះ ត្រូវបានបាត់ដានពីគេហទំព័ររដ្ឋាភិបាល ដោយតំណភ្ជាប់ចាស់បានត្រឹមបង្ហាញសារថា «រកមិនឃើញទំព័រ» (404 Page Not Found)។ រហូតមកដល់ពេលនេះ ទាំងក្រសួងពាណិជ្ជកម្ម និងសេតវិមានរបស់លោក Trump នៅមិនទាន់មានការបកស្រាយជាផ្លូវការជុំវិញមូលហេតុនៃការលុបទិន្នន័យនេះនៅឡើយទេ។
គួរជម្រាបថា ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃការប្រកួតប្រជែងអាវុធបញ្ញាសិប្បនិម្មិត ហើយទំនាក់ទំនងរវាងរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កាន់តែមានភាពស្មុគស្មាញ និងស្ថិតក្នុងភាពសម្ងាត់ជាងមុន៕











