Jose ចរចាចុងក្រោយ ក្នុងការវិលមកដឹកនាំ Real ជាលើកទី២ ក្រោយចាកចេញអស់ ១៣ឆ្នាំ

13-05-2026 14:33

(បរទេស)៖ គ្រូបង្វឹក Jose Mourinho បានឈានដល់ដំណាក់កាលចុងក្រោយ នៃការពិភាក្សាកិច្ចសន្យា ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid នារដូវកាលក្រោយ បន្ទាប់ពីចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្នុងឆ្នាំ២០១៣ មក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៦៣ឆ្នាំរូបនេះ ជាបេក្ខជនតែម្នាក់គត់ដែលក្លិបអធិរាជស Real Madrid របស់អេស្ប៉ាញចាប់អារម្មណ៍ និងចង់បាន ដើម្បីមកជំនួសតំណែងគ្រូបច្ចុប្បន្នលោក Alvaro Arbeloa ដែលទទួលបន្ទុកតពីលោក Xabi Alonso ដែលបានលាឈប់កាលពីខែមករា ឆ្នាំ២០២៦។

លោក Florentino Perez ប្រធានក្លិប Real បានដាក់លោក Jose ជាបេក្ខជនសំខាន់ ដែលនឹងអាចវិលមកដឹកនាំជាលើកទី២ ទៀតផង ក្រោយការចាកចេញរបស់លោក Alonso សញ្ជាតិអេស្ប៉ាញបាន ២ថ្ងៃ។

បច្ចុប្បន្នលោក Jose បានកំពុងដឹកនាំក្លិបក្នុងស្រុកព័រទុយហ្គាល់ Benfica ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងលីគ ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយកាលពីម្សិលមិញលោកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «រូបលោកមិនចង់អ្វីច្រើនទេជុំវិញអនាគត ដោយផ្តោតតែដឹកនាំ Benfica ប៉ុណ្ណោះ»

លោក Jose រហស្សនាម Special One ធ្លាប់បានដឹកនាំ Real នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ តាមរយៈឈ្នះពាន La Liga, Copa del Rey រួមទាំងពាន Spanish Super Cup ទៀត មុនពេលចាកចេញទៅដឹកនាំតោខៀវ Chelsea ឈ្នះជើងឯក Premier League ជាលើកទី៣ និងពាន League Cup នារដូវកាលឆ្នាំ២០១៤-១៥ ថែមទៀត៕