សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តចូលរួមគាំទ្រផ្នែកសុខាភិបាលជូនគ្រួសារភៀសសឹកប្រមាណ ៣ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

13-05-2026 15:50

(បន្ទាយមានជ័យ)៖ ការអប់រំ និងការផ្សារភ្ជាប់សង្គមគឺជារឿងចាំបាច់របស់សាលា! កាលពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៦ បុគ្គលិកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួមក្នុងបេសកកម្មគាំទ្រផ្នែកសុខាភិបាល ដែលរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រអឺរ៉ុប ដែលហៅកាត់ថា AEMC និងឱសថស្ថាន De La Gare ក្រោមកិច្ចសហការពីក្រុមគ្រូពេទ្យកម្ពុជា។

ក្រោមការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីស្ថាបនិកសាលាឧកញ៉ាបណ្ឌិត ត្រាំង លី និងលោក ហ៊ឹម សំអាតស្ព្រង់ បុគ្គលិកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួមផ្ដល់ការពិគ្រោះ និង ព្យាបាលជំងឺដោយឥតគិតថ្លៃដល់គ្រួសារជនភៀសសឹកប្រមាណ ៣០០០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ ស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជាវិភាគទានជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍សាលាអន្តរជាតិទាំងមូល ជាពិសេសថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា និងប្អូនៗសិស្សានុសិស្សតែងតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការកៀរគរមូលនិធិ សម្ភារៈ និងការចូលរួមចំណែកផ្នែកបច្ចេកទេសនានាដើម្បីជួយជនភៀសសឹករាប់ពាន់គ្រួសារដែលកំពុងតែស្នាក់នៅក្នុងជំរំភៀសសឹកតាមបណ្ដោយព្រំដែន។

គិតត្រឹមថ្ងៃនេះ សាលាបានចូលរួមបេសកកម្មផ្ដល់ការពិគ្រោះ និងព្យាបាលជំងឺដល់ជនភៀសសឹក ជាមួយនឹង AEMC និងឱសថស្ថាន De La Gare ចំនួន១០លើករួចមកហើយ។

ស្ថាបនិក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាព និងក្ដីរំភើប យ៉ាងក្រៃលែងដែលបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សដ៏ថ្លៃថ្លានេះ៕