សហភាពអឺរ៉ុបកំណត់គោលដៅលើបណ្តាញសង្គម ដើម្បីការពារកុមារ
13-05-2026 16:55
(បរទេស)៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍នៅថ្ងៃអង្គារសប្តាហ៍នេះថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងលើគំរូអាជីវកម្មរបស់បណ្តាញសង្គម ក្នុងគោលបំណងការពារកុមារ និងយុវជន។
នៅក្នុងសុន្ទរកថាមួយនៅទីក្រុង Copenhagen លោកស្រីបានលើកឡើងថា ផលប៉ះពាល់អវិជ្ជមានជាច្រើនដែលបង្កឡើងដល់កុមារ និងយុវជនតាមរយៈការប្រើប្រាស់បណ្តាញសង្គម មិនមែនជារឿងចៃដន្យនោះទេ «ប៉ុន្តែវាគឺជាលទ្ធផលនៃគំរូអាជីវកម្មដែលចាត់ទុកការយកចិត្តទុកដាក់របស់កុមារយើងជាទំនិញសម្រាប់ជួញដូរ»។ លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបកំពុងកំណត់គោលដៅជាក់លាក់លើក្រុមហ៊ុន TikTok, X (អតីត Twitter) និងក្រុមហ៊ុន Meta Platforms (រួមមាន Instagram និង Facebook) ដូចខាងក្រោម៖
TikTok: លោកស្រីបានបញ្ជាក់ថា «យើងកំពុងចាត់វិធានការប្រឆាំងនឹង TikTok និងការរចនាដែលបង្កឱ្យមានការជក់ចិត្ត (addictive design) ការអូសឆេកមើលមិនចេះចប់ (endless scrolling) ការចាក់វីដេអូដោយស្វ័យប្រវត្តិ និងការលោតសារដំណឹងរំខាន (push notifications)»។
Meta: ចំពោះក្រុមហ៊ុន Meta វិញ លោកស្រីជឿជាក់ថា Instagram និង Facebook កំពុងបរាជ័យក្នុងការអនុវត្តច្បាប់កំណត់អាយុអប្បបរមាត្រឹម ១៣ឆ្នាំ របស់ពួកគេ។
X (Twitter): គណៈកម្មការក៏បានចាប់ផ្តើមនីតិវិធីប្រឆាំងនឹងបណ្តាញសង្គម X ផងដែរ ចំពោះការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Grok ក្នុងការបង្កើតរូបភាពផ្លូវភេទរបស់ស្ត្រី និងកុមារ។
នៅចុងឆ្នាំនេះ គណៈកម្មការនឹងកំណត់គោលដៅលើ «ការរចនាដែលបង្កឱ្យមានការជក់ចិត្ត និងមានគ្រោះថ្នាក់» ដូចជា បច្ចេកទេសទាក់ទាញការចាប់អារម្មណ៍ កិច្ចសន្យាដែលស្មុគស្មាញ និងអន្ទាក់នៃការចុះឈ្មោះជាវសេវាកម្ម (subscription traps) ជាដើម។ ជាចុងក្រោយ លោកស្រី von der Leyen ក៏បានគាំទ្រឱ្យមានច្បាប់តឹងរ៉ឹងក្នុងការ ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមចំពោះយុវវ័យដែលមានអាយុក្រោមការកំណត់។ លោកស្រីបានសង្កត់ធ្ងន់ថា «សំណួរមិនមែនសួរថា តើយុវជនគួរតែមានសិទ្ធិចូលប្រើបណ្តាញសង្គមឬទេ? ប៉ុន្តែសំណួរគឺថា តើបណ្តាញសង្គមគួរតែមានសិទ្ធិចូលមកកាន់ជីវិតរបស់យុវជនឬទេ?»៕









