រកឃើញម្ចាស់ជើងឯកពានរង្វាន់ការប្រកួតកីឡាបាល់ទាត់ «ប៉ូការី ស្វេត - ជើងឯកវិទ្យាល័យ» រដូវកាលទី៥ !
13-05-2026 19:39
(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក បានរៀបចំពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ «ប៉ូការី ស្វេត - ជើងឯកវិទ្យាល័យ» រដូវកាលទី៥ ឆ្នាំ២០២៥-២០២៦ យ៉ាងអធិកអធម នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះផងដែរ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ជក់ចិត្ត បានធ្វើឡើងរវាងក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ដែលជាអតីតម្ចាស់ជើងឯក ២សម័យកាល និងក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលបានឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង។ ក្រោមសម្រែកហ៊ោកញ្ជ្រៀវយ៉ាងកុះករពីសំណាក់អ្នកគាំទ្រប្រមាណ ៨០០០នាក់ បានធ្វើឱ្យបរិយាកាសនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាន់តែពុះកញ្ជ្រោល និងរស់រវើកយ៉ាងខ្លាំង។
ក្រៅពីការប្រកួតបាល់ទាត់ កម្មវិធីក៏មានការសម្ដែងសិល្បៈចម្រៀង ការសម្ដែងតេក្វាន់ដូរបស់ក្រុមកុមារ ព្រមទាំងការសម្ដែងដ្រូន និងរ៉ូបូត ដែលបានបន្ថែមភាពអស្ចារ្យ ដល់ព្រឹត្តិការណ៍ទាំងមូល។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតដើម្បីដណ្ដើមជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់បង្កើតភាពសប្បាយរីករាយ ការរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកកម្ពស់ស្មារតីយុវជនក្នុងវិស័យកីឡាផងដែរ។
ក្នុងឱកាសបិទកម្មវិធី លោកអគ្គនាយកក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក បាន ប្រគល់ពានរង្វាន់ មេដាយ និងរង្វាន់កិត្តិយស ជូនដល់ក្រុមកីឡាករ និងគ្រូបង្វឹកដែលទទួលបានជ័យលាភីក្នុងការប្រកួតនេះផងដែរ៕























