សោកស្ដាយ! ព្រះខ័នរាជ បានត្រឹមជើងឯករងជាថ្មី ក្រោយម្ចាស់ផ្ទះ Kuwait SC វាយបកឈ្នះ ៤-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
14-05-2026 08:06
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទទួលបានត្រឹមជើងឯករង នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 ក្រោយត្រូវក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត វាយបកយកឈ្នះ ដោយលទ្ធផល ៤-៣ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដោយចំណាយពេល ១២០នាទី នៅយប់រំលងអធ្រាត្រថ្ងៃទី១៣ ឈានដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International។
នេះគឺជាលើកទី២ ហើយដែលព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ក្នុងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ បន្ទាប់ពីរដូវកាលមុន បានឡើងវគ្គផ្ដាច់ព្រ័ត្រ និងធ្វើជាម្ចាស់ផ្ទះ ក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានចាញ់ក្រុមភ្ញៀវ FK Arkadag របស់តួកមេនីស្ថាន ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕






