Man City តាមជិតទាន់ Arsenal ក្នុងការប្រជែងជើងឯក Premier League ក្រោយបំបាក់ Crystal ដោយស្រួល

14-05-2026 09:43

(បរទេស)៖ ក្រុមបាល់ទាត់ Manchester City បានកំពុងតាមយ៉ាងប្រកៀកជាមួយនឹងក្រុមកំពូលតារាងលីគអង់គ្លេស Premier League គឺកាំភ្លើងធំ Arsenal ក្នុងការប្រជែងជើងឯកនារដូវកាលនេះ បន្ទាប់ពីបំបាក់ក្រុមឥន្រ្ទីត្រដាងស្លាប Crystal Palace ៣ទល់នឹង០ យប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ក្រុមរបស់លោក Pep Guardiola ដែលឈ្នះជើងឯក PL ចុងក្រោយកាលឆ្នាំ២០២៤ នៅតែបន្តលងបន្លាចក្រុមរបស់លោក Mikel Arteta ដែលចាញ់ប្រៀបគ្នាតែ ២ពិន្ទុប៉ុណ្ណោះ គ្រាដែលនៅសល់ ២ប្រកួត ដើម្បីបិទរដូវកាលដ៏ពេញលេញដូចគ្នា។

ខ្សែបម្រើអង់គ្លេស វ័យ ២៥ឆ្នាំ Phil Foden បានបញ្ជូនបាល់ ២គ្រាប់ឱ្យមិត្តរួមក្រុម Semenyo និង Marmoush ដើម្បី នាំមុខបណ្តោះអាសន្នសម្រាប់វគ្គទី១ ក្នុងកីឡដ្ឋាន Etihad នៃជើងទី២ សប្តាហ៍ទី៣៦ នៅមុនពេល Savinho ធ្វើបានសម្រេចគ្រាប់ទី៣ នៅខ្វះ ១៦នាទីដល់ម៉ោងបញ្ចប់ការប្រកួត។

Arsenal ដែលខកខានលើកពាន Premier League តាំងពីឆ្នាំ២០០៤ នឹងកើនបាន ៨៥ពិន្ទុសរុប ប្រសិនបើឈ្នះ ២ប្រកួតចុងក្រោយ ដើម្បីឈ្នះពានលីគអង់គ្លេសរដូវកាល ២០២៥-២៦ ពេលពើបប្រទះនឹង Burnley និង Crystal Palace ស្របពេល City ប្រសិនបើឈ្នះ ២ប្រកួតចុងក្រោយទល់នឹង AFC Bournemouth និង Aston Villa មានតែ ៨៣ពិន្ទុ។

ក៏ប៉ុន្តែក្នុងករណីក្រុមកំពូលតារាងទាំងពីរមានពិន្ទុស្មើគ្នា ត្រង់ថា កាំភ្លើងធំ Arsenal ឈ្នះ១ និងស្មើ១ ហើយ City ឈ្នះទាំង ២លើកចុងក្រោយ នោះលក្ខខន្តិកៈនៅលីគអង់គ្លេស នឹងត្រូវគិតទៅលើគ្រាប់បាល់ចំណេញវិញ ដែលគំលាតប្រកៀកប្រកិតគ្នាដែរទេ៕