Meta ប្រកាសដាក់ឱ្យប្រើប្រាស់ «Incognito Chat» សម្រាប់ការសន្ទនាជាលក្ខណៈឯកជនជាមួយ AI លើ WhatsApp

14-05-2026 09:50

(បរទេស)៖ ក្រុមហ៊ុន Meta កំពុងដាក់ឱ្យដំណើរការនូវមុខងារថ្មីមួយដែលមានឈ្មោះថា «Incognito Chat» (ការជជែកបែបអនាមិក) សម្រាប់កម្មវិធីជំនួយបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួននៅលើសេវាកម្មផ្ញើសារ WhatsApp។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងដោះស្រាយក្តីបារម្ភជុំវិញសុវត្ថិភាពទិន្នន័យឯកជន។

Meta បានបញ្ជាក់ថា Incognito Chat នឹងដំណើរការដោយបច្ចេកវិទ្យាដំណើរការឯកជន (Private Processing Technology) ដែលធានាថាការសន្ទនានឹងមិនមានអ្នកណាអាចមើលឃើញឡើយ សូម្បីតែក្រុមហ៊ុនខ្លួនឯងក៏ដោយ។ ក្រុមហ៊ុនបានលើកឡើងក្នុងប្លុក (Blog) របស់ខ្លួនថា «ការសន្ទនារបស់អ្នកនឹងមិនត្រូវបានរក្សាទុក ហើយតាមលំនាំដើម សាររបស់អ្នកនឹងត្រូវលុបបាត់ទៅវិញ ដែលផ្តល់ឱ្យអ្នកនូវលំហសម្រាប់គិត និងស្វែងយល់ពីគំនិតផ្សេងៗ ដោយមិនចាំបាច់មានអ្នកតាមដាន»។ ការផ្លាស់ប្តូរនេះកើតឡើងដោយសារបច្ចុប្បន្ន មនុស្សតែងតែចែករំលែកព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះ ដូចជាបញ្ហាហិរញ្ញវត្ថុ សុខភាព ឬការងារជាមួយ AI ទោះបីជាមានការព្រួយបារម្ភអំពីរបៀបដែលក្រុមហ៊ុនរក្សាទុក ឬប្រើប្រាស់ទិន្នន័យទាំងនោះក៏ដោយ។

លោក Will Cathcart ប្រធានផ្នែក WhatsApp បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា «យើងចាប់ផ្តើមសួរនូវសំណួរដែលមានអត្ថន័យជាច្រើនអំពីជីវិតរបស់យើងទៅកាន់ប្រព័ន្ធ AI។ វាហាក់ដូចជាមិនសមហេតុផលទេ ដែលអ្នកត្រូវតែចែករំលែកព័ត៌មាននៅពីក្រោយសំណួរទាំងនោះ ទៅឱ្យក្រុមហ៊ុនដែលប្រតិបត្តិការប្រព័ន្ធ AI ទាំងនោះដឹងដែរនោះ»។ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន សារដែលអ្នកប្រើប្រាស់ជជែកជាមួយ Meta AI ធម្មតា អាចនឹងត្រូវបានប្រើប្រាស់ដើម្បីកែលម្អម៉ូឌែល AI របស់ខ្លួន ប៉ុន្តែរាល់ការជជែកផ្ទាល់ខ្លួន (Chat) លើ WhatsApp នៅតែត្រូវបានការពារដោយ ការដាក់លេខកូដពីដើមទីដល់ចុងទី (End-to-End Encryption) និងមិនអាចចូលប្រើប្រាស់សម្រាប់គោលបំណងនោះបានទេ។

គួរជម្រាបថា ពេលនេះ Incognito Chat អាចប្រើបានតែជាអត្ថបទប៉ុណ្ណោះ មានន័យថាអ្នកប្រើប្រាស់មិនទាន់អាចបង្ហោះរូបភាពបាននៅឡើយទេ។ AI នឹងមានប្រព័ន្ធការពារ (Safety Guardrails) ដែលនឹងបដិសេធមិនឆ្លើយសំណួរណាដែលបង្កបញ្ហា ឬបង្វែរការសន្ទនាទៅទិសដៅផ្សេង។ Meta ក៏មានគម្រោងដាក់ឱ្យប្រើប្រាស់មុខងារ «Side Chat» ជាមួយ Meta AI ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានជំនួយជាឯកជនភ្លាមៗ នៅក្នុងការជជែកណាមួយនៅលើ WhatsApp៕