ទូរស័ព្ទ Trump Mobile ម៉ូដែល T1 ចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជន បន្ទាប់ពីពន្យារពេលជាច្រើនខែ
14-05-2026 10:26
(បរទេស)៖ ក្រុមហ៊ុន Trump Mobile បានប្រកាសថា ខ្លួនបានចាប់ផ្តើមដឹកជញ្ជូនទូរស័ព្ទឆ្លាតវៃម៉ូដែល T1 តម្លៃ ៤៩៩ ដុល្លារ ទៅកាន់ដៃអតិថិជនហើយ បន្ទាប់ពីមានការយឺតយ៉ាវអស់រយៈពេលជាច្រើនខែពីគម្រោងដើម។ ទូរស័ព្ទពណ៌មាសនេះ ដំណើរការដោយប្រព័ន្ធ Android និងមានលក្ខណៈបច្ចេកទេសទំនើបៗដូចជា អេក្រង់ធំ ៦.៧៨ អ៊ីញ បន្ទះឈីប Snapdragon និងកាមេរ៉ាបីគ្រាប់។ ចំណែកតម្លៃសេវាប្រចាំខែត្រូវបានកំណត់យក ៤៧.៤៥ ដុល្លារ ដែលជាលេខតំណាងឱ្យអាណត្តិប្រធានាធិបតីទី ៤៥ និងទី ៤៧ របស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ជុំវិញការយឺតយ៉ាវនេះ លោក Pat O'Brien នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Trump Mobile បានបញ្ជាក់ប្រាប់ភ្នាក់ងារ Reuters ថា៖ «ទូរស័ព្ទដែលបានកក់ទុកមុន កំពុងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅសប្តាហ៍នេះហើយ»។ លោកបានពន្យល់បន្ថែមថា មូលហេតុដែលនាំឱ្យមានការយឺតយ៉ាវ គឺដោយសារក្រុមហ៊ុនត្រូវការពេលវេលាដើម្បីអភិវឌ្ឍ និងធ្វើតេស្តសមាសធាតុនានាឱ្យច្បាស់លាស់ ដើម្បីធានាថាវាឆ្លើយតបទៅនឹងស្តង់ដារគុណភាពដែលបានកំណត់។
ទោះជាយ៉ាងណា គម្រោងនេះបានរងការរិះគន់ និងការសាកសួរពីអ្នកវិភាគជុំវិញការអះអាងថាជាទូរស័ព្ទ «ផលិតនៅអាមេរិក»។ លោក O'Brien បានឆ្លើយតបទៅកាន់ការមន្ទិលនេះថា ឧបករណ៍ជំហានដំបូងនេះគឺ «ដំឡើងនៅក្នុងសហរដ្ឋអាមេរិក» (Assembled in the U.S.) ហើយក្រុមហ៊ុនមានគោលដៅវែងឆ្ងាយក្នុងការផលិតសមាសធាតុភាគច្រើននៅក្នុងស្រុកឱ្យបាននាពេលអនាគត។
ក្រៅពីបញ្ហាផលិតកម្ម អាជីវកម្មនេះក៏បានជួបការត្រួតពិនិត្យផ្នែកច្បាប់ និងសីលធម៌ពីសំណាក់សមាជិកសភាបក្សប្រជាធិបតេយ្យផងដែរ ដោយសារការប្រើប្រាស់ឈ្មោះប្រធានាធិបតី ខណៈលោកកំពុងកាន់តំណែង។ ប៉ុន្តែសេតវិមានបានច្រានចោលការបារម្ភទាំងនេះ ដោយបញ្ជាក់ថាទ្រព្យសម្បត្តិទាំងអស់របស់លោក ត្រាំ ត្រូវបានគ្រប់គ្រងដោយកូនៗរបស់លោកយ៉ាងមានតម្លាភាព៕













